
ក្រុងវៀងច័ន្ទ៖រដ្ឋាភិបាលឡាវកំពុងស្វែងរកដំណោះស្រាយចំពោះវិបត្តិប្រេងឥន្ធនៈ រួមទាំងការស្វែងរកមធ្យោបាយជំនួយផ្សេងៗរបស់បរទេសដើម្បីជួយសម្រួលដល់ការឡើងថ្លៃប្រេងឥន្ធនៈនៅក្នុងប្រទេស។
មន្រ្តីសមាគមឥន្ធនៈ និង ឧស្ម័នឡាវ បានបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួនកាលពីម្សិលមិញនៅសភាពាណិជ្ជកម្ម និង ឧស្សាហកម្មជាតិឡាវ (LNCC) ដែលមន្ត្រីរដ្ឋាភិបាល និង នាយកប្រតិបត្តិក្រុមហ៊ុនប្រេងឥន្ធនៈបានពិគ្រោះអំពីវិបត្តិប្រេងឥន្ធនៈដែលកំពុងបន្តនៅក្នុងប្រទេសឡាវ។
ធនាគារនានានឹងបញ្ចេញរូបិយបណ្ណបរទេសសម្រាប់អ្នកនាំចូលឥន្ធនៈមួយចំនួនក្នុងរយៈពេលពីរបីថ្ងៃខាងមុខ ដោយប្រើប្រាស់ប្រាក់ចំណូលពីការលក់ធនធានធម្មជាតិ និង ប្រតិបត្តិការរុករករ៉ែ ដើម្បីជួយសម្រួលដល់ការកើនឡើងនៃតម្លៃប្រេងដែលបង្កឡើងដោយសង្រ្កាម រុស្សីនឹងអ៊ុយក្រែន។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្មឡាវ បានជឿជាក់ថា ក្រុមហ៊ុនប្រេងឥន្ធនៈគួរតែអាចបំពេញបានយ៉ាងហោចណាស់ ៥០ ភាគរយនៃតម្រូវការប្រេងឥន្ធនៈរបស់ប្រទេស ដើម្បីធានាបានប្រេងសម្រាប់ប្រទេស ហើយក្នុងរយៈពេលខ្លី រដ្ឋាភិបាលនឹងស្វែងរកថវិការហូតដល់ ៦០លានដុល្លារបន្ថែមដលដើម្បីដោះស្រាយវិបត្តិឥឡូវនេះ។
ក្នុងរយៈពេលមធ្យម ឡាវនឹងសម្លឹងរកទិញឥន្ធនៈពីប្រភពថ្មី ជាជាងពឹងផ្អែកតែលើអ្នកផ្គត់ផ្គង់បច្ចុប្បន្នក្នុងប្រទេសថៃ និងវៀតណាម ខណៈ ប្រទេសនេះមិនទាន់មានទុនបម្រុងប្រេង ឬមូលនិធិបម្រុងប្រេងទេ៕