Foton on ads news final
Cct850x100 1
Sme laon web banner(1800 x 300)

រដ្ឋមន្ត្រី៖ទោះបីគ្មានការឆ្លងកូវីដថ្មី ប៉ុន្តែមន្ត្រីសុខាភិបាលនៅតែបន្តតាមដានត្រួតពិនិត្យ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា

ភ្នំពេញ៖ សម្តេច ហ៊ុន សែន កាលពីថ្ងៃទី០៧ឧសភាបានប្រកាសពីភាពជោគជ័យដែលកម្ពុជាមិនមាននូវការឆ្លងកូវីដ-១៩ថ្មី។ បើតាមឯកឧត្តម ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា ទោះបីជាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយករណីឆ្លងកូវីដបានថមថយរហូតធ្លាក់ដល់សូន្យ ប៉ុន្តែកម្ពុជានៅមិនទាន់អស់នូវជំងឺកូវីដនៅឡើយ ហើយក្រុមការងាររបស់មន្ត្រីសុខាភិបាលនៅតែបន្តតាមដានត្រួតពិនិត្យការងារ ស្រាវជ្រាវអ្នកពាក់ព័ន្ធជាបន្តបន្ទាប់ ការថែទាំព្យាបាល និងការចាក់វ៉ាក់សាំង។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា បច្ចុប្បន្ននេះ កម្ពុជាកំពុងតែស្ថិតក្នុងស្ថានភាពល្អប្រសើរ ដែលករណីឆ្លងកូវីដថមថយរហូតធ្លាក់ដល់សូន្យ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសំណូមពរដល់ប្រជាពលរដ្ឋឲ្យបន្តអនុវត្តវិធានការសុខាភិបាល ដើម្បីការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា នៅថ្ងៃទី ៧ ឧសភានេះ ជាលើកដំបូងចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលកម្ពុជា ពុំមានករណីឆ្លងជំងឺកូវីដ១៩ កើតឡើងនោះទេ បានសេចក្តីថាថ្ងៃនេះមិនមានអ្នកឆ្លងសូម្បីមួយករណី គឺសូន្យករណី»។ករណីគ្មានកូវីដ១៩ ក្នុងមួយថ្ងៃដែលជាកំណត់ត្រាក្នុងប្រវត្តិសាស្ត្រនេះ បានកើតឡើងបន្ទាប់ពីកម្ពុជាសាកល្បងបើកឱកាស ឱ្យប្រជាពលរដ្ឋបានដើរលេងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ ដោយមិនមានការពាក់ម៉ាស់និងរក្សាគម្លាត។

បើតាមសម្តេច ហ៊ុន សែន បានចាត់ទុកថា អត្រាឆ្លងកម្រិតទៀតផុតបន្ទាប់ពីបុណ្យចូលឆ្នាំថ្មីនេះ គឺជាជោគជ័យដោយចំនួនអ្នកឆ្លងនៅក្នុង១ខ្ទង់ ហើយថ្ងៃខ្លះមាន១ករណី ឬពីរករណីប៉ុណ្ណ ហើយថ្ងៃនេះគឺសូន្យតែម្ដង។

ទោះជាយ៉ាងនេះក្តី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តអំពាវនាវឲ្យជនរួមជាតិបន្តការពារខ្លួនពីការរីករាលដាលជំងឺកូវី១៩ បន្តទៀត ជាមួយនឹងវិធានការសុខាភិបាល និង អំពាវនាវជាពិសេសទៅទទួលយកវ៉ាក់សាំងដុសជំរុញ ដូសទី៣ និងទី៤ ហើយនឹងអាចបន្តឈានទៅរកដូសទី៥ បន្ទាប់ពីគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកម្ពុជាពិនិត្យឃើញថាដល់ពេលវេលាដែលត្រូវចាក់វ៉ាក់សាំងដូសទី៥៕

Khcct banner

អត្ថបទទាក់ទង