
កូរ៉េខាងជើង៖ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលមិនស្គាល់អត្តសញ្ញាណមួយគ្រាប់ចូលទៅក្នុងសមុទ្រជប៉ុន។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានដកស្រង់ប្រភពយោធាដែលនិយាយថា ការសាកល្បងអាវុធទំនងជាជាប់ពាក់ព័ន្ធនឹងមីស៊ីលផ្លោង។
ការសាកល្បងមីស៊ីល ដែលត្រូវបានរាយការណ៍ គឺជាលើកទីពីរដែលធ្វើឡើងដោយកូរ៉េខាងជើងក្នុងសប្តាហ៍នេះ និងលើកទី ១៥ ក្នុងឆ្នាំនេះ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់។ វាកើតឡើងប៉ុន្មានថ្ងៃមុនស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol ដែលគ្រោងធ្វើនៅថ្ងៃអង្គារ។
នៅឯព្យុហយាត្រាយោធាមួយកាលពីចុងខែមុន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសម្តែងនូវ "ឆន្ទៈដ៏មុតមាំ" ដើម្បីបន្តការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ហើយប្រសិនបើចាំបាច់ ប្រើវា "ទុកជាមុន" សម្រាប់ការការពារជាតិ។
ក្រសួងការបរទេសអាមេរិក បានព្រមានកាលពីថ្ងៃសុក្រថា ប្រទេសកូរ៉េខាងជើងកំពុងរៀបចំការសាកល្បងនុយក្លេអ៊ែរនៅដើមខែនេះ។ ទីក្រុងព្យុងយ៉ាងមិនបានធ្វើអត្ថាធិប្បាយលើការអះអាងនេះទេ ប៉ុន្តែបានទទូចម្តងហើយម្តងទៀតថាខ្លួនត្រូវការអាវុធនុយក្លេអ៊ែរសម្រាប់គោលបំណងការពារ។
បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump និង Kim បានជួបប្រជុំជាប្រវត្តិសាស្ត្រជាបន្តបន្ទាប់ក្នុង ២០១៨ និង ២០១៩ ដោយបង្កើនក្តីសង្ឃឹមសម្រាប់ការទម្លាយការទូត។ ទោះបីជាយ៉ាងណាក៏ដោយ ការពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េបានជាប់គាំងតាំងពីពេលនោះមក៕