
ស៊ូរិន៖ ប៉ុស្តិ៍ច្រកចុងចោមនិងអូរស្មាច់ ជាប់ព្រំដែនកម្ពុជា បានបើកដំណើរការឡើងវិញនៅថ្ងៃសុក្រ ពីរឆ្នាំបន្ទាប់ការរីករាលដាលនៃជំងឺកូវីដ១៩ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍ចុះផ្សាយនាថ្ងៃទី ៦ ឧសភានេះ។
បើយោងតាម អភិបាលខេត្តសុរិន្ទ លោក Suwapong Kitipatpibul និងអភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសលបានឲ្យដឹងថាច្រកព្រំដែន កម្ពុជាថៃ ចុងចោមត្រូវបានអនុញ្ញាតឲ្យពលរដ្ឋប្រទេសទាំងពីរអាចឆ្លងដែនវិញបានធម្មតា។
ដោយឡែកអភិបាលខេត្តឧត្តរមានជ័យ បានស្នើឲ្យសមភាគីថៃ បន្ធូរបន្ថយការរឹតបន្តឹងចំពោះអ្នកកាន់លិខិតឆ្លងដែន និងបន្តការស្នាក់នៅក្នុងប្រទេសថៃពី ៣ ទៅ ៥ថ្ងៃ។ លោក Suwapong បាននិយាយថា សំណើនេះនឹងត្រូវបញ្ជូនទៅរដ្ឋាភិបាលកណ្តាលដើម្បីធ្វើការសម្រេចចិត្ត។ ប្រជាពលរដ្ឋដែលចូលមកប្រទេសថៃតាមរយៈប៉ុស្តិ៍ត្រួតពិនិត្យ គឺតម្រូវឱ្យអនុវត្តតាមនីតិវិធីនៃការចូលសុខភាពដែលកំណត់ដោយរដ្ឋាភិបាល។
គួរបញ្ជាក់ថា ច្រកចុងចោមស្ថិតនៅក្នុងស្រុកកាបឆេង ហើយភ្ជាប់ជាមួយអូរស្មាច់ក្នុងប្រទេសកម្ពុជា។ វាជាច្រកដ៏សំខាន់សម្រាប់ពាណិជ្ជកម្ម និងទេសចរណ៍រវាងភាគឦសានប្រទេសថៃ និងកម្ពុជា៕