ភ្នំពេញ: សមាគមមិត្តយើង ដែលជាសមាគមធ្វើការងារសប្បុរធម៍ បានរៀបពិធីជួបជុំបណ្តាញមិត្តយើង ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាពជាមួយនិងសប្បុរជន។ កម្មវិធីជួបជុំបណ្តាញរបស់សមាគមមិត្តយើង បានទទួលការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំង ភ្ញៀវកិត្តិយសមកពីក្រុមហ៊ុនឯកជនជាច្រើនរូប។
ក្នុងទិដ្ឋភាពដ៏សែនស្និតស្នាលនេះសមាគមមិត្តយើង ទទួលបានការបរិច្ចាគ និងចូលរួមជាទឹកប្រាក់ព្រមទាំងសម្ភារៈពីសប្បុរសជននានាតាមរយៈ ឯកឧត្តម ហេង សួរ មានចំនួនជាង ៥០ ០០០ (៥ម៉ឺន) ដុល្លារអាម៉េរិក ដើម្បីគាំទ្រសកម្មភាពសមាគមមិត្តយើងសម្រាប់រយៈ៣ឆ្នាំ។
សូមជម្រាបថា ក្នុងដំណើរបេសកកម្មជាង ១ឆ្នាំកន្លងមកនេះ សមាគមមិត្តយើង បានចូលរួមសកម្មភាពសង្គម និងសកម្មភាពសប្បុរសធម៌នានា សរុបជាទឹកប្រាក់ប្រមាណជាង ៥០,០០០ (៥ម៉ឺន) ដុល្លារអាម៉េរិក នៅតាមបណ្តាខេត្ត តាមរយៈការបរិច្ចាគអណ្តូងទឹក សម្ភារសិក្សា សម្ភារប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ សំលៀកបំពាក់និងសម្ភារៈផ្សេងៗទៀត ជូនដល់សាលារៀន មន្ទីរពេទ្យបង្អែក សិស្ស-និស្សិត ក្មេងកំព្រា លោកតាស៊ីក្លូ ជាពិសេសគ្រួសារ និងជនដែលជួបការលំបាកក្នុងជីវភាពរាប់រយគ្រួសារ ដែលបានទទួលការឧបត្ថម្ភទាំងថវិកា និងសម្ភារៈពីសប្បុរសជនដៃគូរសហការ។