Cctimesw1140xh150cm copy

ព្រឹត្តិការណ៍រត់សប្បុរសធម៌របស់អង្គការផ្កាយសមុទ្រកម្ពុជាប្រព្រឹត្តទៅដោយជោគជ័យ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កាលពីថ្ងៃអាទិត្យ ទី១ ខែឧសភាកន្លងទៅ ព្រឹត្តិការណ៍រត់សប្បុរសធម៌ ISF Superhero Fun Run ដំបូងបង្អស់របស់អង្គការផ្កាយសមុទ្រកម្ពុជាបានប្រព្រឹត្តទៅយ៉ាងរលូន និងដោយជោគជ័យ ក្រោមកិច្ច សហការជាមួយនឹងសហព័ន្ធខ្មែរអត្តពលកម្ម (KAAF) និងការជួយជ្រោមជ្រែងពីអ្នកឧបត្ថម្ភគាំទ្រជាច្រើនទៀត។

ព្រឹត្តិការណ៍រត់សប្បុរសធម៌នេះបង្កើតឡើង មិនត្រឹមតែដើម្បីរៃអង្កាសថវិកាគាំទ្រដល់កម្មវិធីទាំងអស់របស់អង្គការផ្កាយសមុទ្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សព្វផ្សាយអំពីបេសកកម្ម និងការងាររបស់ខ្លួនទៅកាន់សាធារណៈជនក្នុងប្រទេសកម្ពុជាទៀតផង ។ អង្គការផ្កាយសមុទ្រកម្ពុជាមានក្តីសោមនស្ស និងមោទនភាពយ៉ាងធំធេងក្នុងការប្រកាសជាពត៌មានថា ក្រោយពីបញ្ចប់ព្រឹត្តិការណ៍រត់សប្បុរសធម៌នេះ អង្គការផ្កាយសមុទ្រកម្ពុជាទទួលបានថវិកាសរុបដល់ ទៅ ៩,០០០ដុល្លារអាមេរិច ដែលបានមកពីការចុះឈ្មោះរត់ និងបរិច្ចាកតាមមធ្យោបាយផ្សេងៗមក កាន់គណនីធនាគាររបស់អង្គការ។

ក្នុងឱកាសបើកព្រឹត្តិការណ៍រត់សប្បុរសធម៌លើកដំបូងនាព្រឹកព្រលឹមនៃថ្ងៃអាទិត្យ អ្នកស្រី ជួប វិច្ឆិកា ជាប្រធានអង្គការផ្កាយសមុទ្រកម្ពុជាបានមានប្រសាសន៍ពន្យល់អំពី ការងាររបស់អង្គការផ្កាយសមុទ្រ និងកម្មវិធីនីមួយៗយ៉ាងក្បោះក្បាយ និងមិនភ្លេចថ្លែងអំណរគុណដល់ ក្រុមហ៊ុននានាដែលបានឧបត្ថម្ភគាំទ្រ អ្នកស្ម័គ្រចិត្ត សប្បុរសជន និងអ្នកចូលរួមរត់ទាំងអស់ ដែលបានចំណាយថវិកា និងពេលវេលាដ៏មានតម្លៃក្នុង ការគាំទ្រដល់ព្រឹត្តិការណ៍នេះផងដែរ ។

គូសបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះក៏ទទួលស្វាគមន៍ វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សំហេង បុរស ជារដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសហព័ន្ធខ្មែរអត្តពលកម្ម (KAAF) និងលោក Paul Kim ជាប្រធានផលិតផលរបស់ក្រុមហ៊ុន Mayura ដែលលោកទាំងពីរបានសំដែងចំណាប់អារម្មណ៍ផ្ទាល់ ខ្លួនចំពោះសារៈសំខាន់របស់កីឡាចំពោះជីវិតកុមារ និងយុវជន និងការគាំទ្រចំពោះការងារ និង បេសកកម្មរបស់អង្គការផ្កាយសមុទ្រកម្ពុជា ។ ដោយឡែក លោក ជួប សុភ័ក្រ្ត ជាពិធីករស្ថានីយ ទូរទស្សន៍បាយ័ន និងជាទូតសុច្ឆន្ទៈរបស់អង្គការផ្កាយសមុទ្រកម្ពុជាក៏បានផ្តល់កិត្តិយសចូលរួម និងធ្វើជាពិធីករក្នុងកម្មវិធី ដែលមានរយៈពេលមួយព្រឹកពេញនេះផងដែរ។

លោក ហ៊ឺ តារា តំណាងឲ្យក្រុមហ៊ុនខ្វីហ្វីបានលើកឡើងថា “ក្រុមហ៊ុនខ្វីហ្វីចូលរួមនេះ ក្នុងកម្មវិធីរត់នេះ ក្នុងគោលបំណង ចូលរួមចំណែកជ្រោមជ្រែងការងាររបស់អង្គការផ្កាយសមុទ្រក្នុងការ ជួយដល់កុមារក្រីក្រ ជាង ៧០០ នាក់ ដែលកំពុងសិក្សានៅអង្គការផ្កាយសមុទ្រ ។លើសពីនេះ កម្មវិធីរត់ដើម្បីសប្បុរធម៌ ISF Superhero Fun Run របស់អង្គការផ្កាយសមុទ្រ គឺជាកម្មវិធីរត់ដើម្បីសុខុមាលភាព ដែលជួយលើកទឹកចិត្តអោយយើងទាំងអស់គ្នាយកចិត្តទុកដាក់និងស្រលាញ់សុខភាពផងដែរ។ លោកបានបន្តថា ក្រុមហ៊ុននឹងបន្តគាំទ្រចូលរួមចំណែកនៅក្នុងការងារសង្គមនិងកម្មវិធីសប្បុរសធម៌ជាច្រើនទៀត ដើម្បីលើកទឹកចិត្តដល់កុមារកម្ពុជាអោយបន្តការសិក្សាដ៏ល្អមួយ លើសពីនេះទៅទៀត ក្រុមហ៊ុនខ្វីហ្វី នៅតែជាកម្លាំងចលករចូលរួមចំណែកនៅក្នុងសង្គម” ។

កញ្ញា ចរិយា ជាបុគ្គលិកម្នាក់របស់សណ្ឋាគារហ៊ីម៉ាវ៉ារី Himawari Hotel Apartments និងជាអ្នករត់ម្នាក់ក្នុងចំនោមអ្នកចូលរួមចំនួន ៣០០នាក់បានបង្ហាញពីចំណាប់អារម្មណ៍របស់កញ្ញាថា៖ “នាងខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលបានមកចូលរួមរត់ជាមួយនឹងអង្គការផ្កាយសមុទ្រ កម្ពុជាជាលើកដំបូង ។ ព្រឹត្តិការណ៍រត់នេះមិនត្រឹមតែជួយឲ្យខ្ញុំមានសុខភាពល្អប៉ុណ្ណោះទេ តែថែមទាំង បានរួមចំណែករៃអង្កាសថវិកាជួយដល់កុមារក្រីក្រនៅកម្ពុជា និងបង្កើនទំនាក់ទំនងជាមួយមនុស្សថ្មីៗ ទៀតផង ។”


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង