
ហូជីមិញ៖ រថយន្តដឹកប្រេងមួយគ្រឿងបានឆាបឆេះនៅលើផ្លូវ Trung Luong Expressway ក្នុងខេត្ត ឡុងអាន។ នៃតំបន់ដីសណ្តទន្លេមេគង្គកាលពីថ្ងៃពុធ ដែលបណ្តាលឱ្យមានការកកស្ទះចរាចរណ៍យ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express។
មន្រ្តីវៀតណាមបានឲ្យដឹងថា អ្នកបើកបររថយន្តដឹកទំនិញទម្ងន់៥តោន ឈ្មោះ ង្វៀន កុងសាង បានប្រទះឃើញភ្លើងឆេះចំហៀងរថយន្តរបស់គាត់នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ខណៈពេលដែលការបញ្ជូនធុងដឹកប្រេងពីទីក្រុងហូជីមិញទៅកាន់ដីសណ្ដទន្លេមេគង្គ។លោក សាង បានឈប់ឡានដែលមកដល់ទីប្រជុំជន Tan An នៃខេត្ត ឡុងអាន ហើយប្រញាប់ចាកចេញពីឡានមុននឹងឡានផ្ទុះ។
លោកបន្តថា មួយសន្ទុះក្រោយមក ភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយប្រេងបានឆាបឆេះពេញផ្លូវ បណ្តាលឲ្យឆេះរាលដាលតាមបណ្តោយផ្លូវជាតិចម្ងាយ១០០ម៉ែត្រ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ក្នុងទិសដៅពីហូជីមិញ ទៅឡុងអាន។
បើតាមមន្ត្រីនគរបាលចរាចរណ៍ ហេតុការណ៍នេះ មិនបណ្តាលឲ្យមានមនុស្សស្លាប់ ឬរបួសនោះទេ គ្រាន់តែមានការកកស្ទះធ្ងន់ធ្ងរប៉ុណ្ណោះនឹងបង្កដល់ការខូចខាតផ្លូវជាធ្ងន់។
ផ្លូវ Trung Luong Expressway ដែលជាផ្លូវល្បឿនលឿនតែមួយគត់ដែលតភ្ជាប់ទីក្រុងភាគខាងត្បូងនៃប្រទេសវៀតណាមនោះ ឃើញថា ចរាចរណ៍កើនឡើង ៣០ ភាគរយ និងគ្រោះថ្នាក់ជាង ២០០ករណីជាង ចាប់តាំងពីការឲ្យប្រើប្រាស់ផ្លូវនេះជាផ្លូវការមក។ផ្លូវល្បឿនលឿនមានចម្ងាយ ៦២ គីឡូម៉ែត្រនេះ អនុញ្ញាតឱ្យយានយន្តបើកបរក្នុងល្បឿនអតិបរមា ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងតែប៉ុណ្ណោះ៕