ភ្នំពេញ៖ យូនីសេហ្វ (UNICEF) បានបង្កើតកម្មវិធីមួយឈ្មោះថា «កម្មវិធីជំនាន់ថ្មី ឆ្នាំ២០២២» ដែលកម្មវិធីនេះចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃទី០២ ឧសភា រហូតដល់ថ្ងៃទី២០ ឧសភា។ តាមរយៈកម្មវិធីនេះយុវជន អាចក្លាយជាអ្នកផ្លាស់ប្តូរ រៀនសូត្រជំនាញថ្មីៗពីអ្នកឯកទេស ១១រូប ហើយធ្វើឲ្យគម្រោងក្នុងក្តីស្រមៃក្លាយជាការពិត។
បេក្ខជន ១៣រូប នឹងត្រូវជ្រើសរើសក្នុងចំណោមបេក្ខជនជាង ១៥០ នាក់ ដើម្បីក្លាយជាអ្នកទទួលការណែនាំល្អៗក្នុងកម្មវិធីជំនាន់ថ្មី និងដើម្បីទទួលបាន ឱកាសអភិវឌ្ឍគម្រោងផែនការរបស់ខ្លួន។ សកម្មភាពក្នុងកម្មវិធីនេះ នឹងបង្កើតបានជាព្រឹត្តិការណ៍បែបTEDx ដែលនឹងរៀបចំមុនទិវាកុមារពិភពលោក ក្នុងខែវិច្ឆិកា។ ក្នុងកម្មវិធីនេះ ក្រុមយុវជនដែលជាអ្នកទទួលការណែនាំ នឹងត្រូវឡើងបង្ហាញពីគម្រោងរបស់ពួកគេម្នាក់ៗ។
បេក្ខជនដែលដាក់ពាក្យនៅក្នុងកម្មវិធីនេះ ត្រូវមានអាយុចាប់ពី១៥ ដល់ ២៤ឆ្នាំ ជាជនជាតិខ្មែរកំពុងរស់នៅប្រទេសកម្ពុជា ព្រមទាំងមានអ៊ីនធឺណេតប្រើប្រាស់ និងមិនមែនជាសមាជិកនៃកម្មវិធីផ្ដល់ការណែនាំដទៃទៀត។
គួរបញ្ជាក់ថា កម្មវិធីជំនាន់ថ្មីរបស់យូនីសេហ្វជួយគាំទ្រ និងផ្សព្វផ្សាយអំពីអនាគតអ្នកដឹកនាំវ័យក្មេងរបស់ប្រទេសកម្ពុជា មិនថាអ្នកផ្តួចផ្តើមគំនិតជាតែម្នាក់ឯង ឬជាក្រុម។ តាមរយៈកម្មវិធីបណ្តុះបណ្តាលណែនាំ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ យុវជននឹងអាចចាប់ផ្តើមការផ្លាស់ប្តូរបែបវិជ្ជមានបាន។
សម្រាប់ការដាក់ពាក្យសូមចុចលើតំណលីងនេះ៖ https://bit.ly/3vqRFLA ៕