Yearendyearend1140x150
Img 0571

អ្នកវិទ្យាសាស្ត្រ៖សត្វក្តាន់ប្រមាណ៧០ក្បាលកំពុងរស់នៅតំបន់ព្រៃទេសភាពមេគង្គកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សត្វក្ដាន់ដែលអ្នកវិទ្យាសាស្រ្ដរកឃើញថាកំពុងរស់នៅតំបន់ព្រៃទេសភាពមេគង្គកម្ពុជា (រូបភាព៖ ក្រសួងបរិស្ថាន)

ភ្នំពេញ៖ សត្វក្តាន់ចំនួនប្រមាណ៧០ក្បាលត្រូវបានអ្នកវិទ្យាសាស្ត្រតាមដានឃើញរស់នៅក្នុងតំបន់ទីជម្រកព្រៃវាលស្មៅនៃតំបន់ព្រៃទេសភាពមេគង្គក្នុងខេត្តក្រចេះ។ លទ្ធផលដ៏គួរឱ្យរំភើបនេះត្រូវបានបញ្ចូនតាមសេចក្តីរាយការណ៍កាលពីសប្តាហ៍កន្លងទៅនេះ ដែលមានការបញ្ជាក់ដោយរូបភាពទទួលបានពីការតាមដានសត្វក្តាន់ដោយប្រើម៉ាស៊ីនថតស្វ័យប្រវត្តិ និងបច្ចេកវិទ្យាដ្រូនដែលបំពាក់ម៉ាស៊ីនថតប្រើកំដៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាននៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២។

យោងតាមសេចក្តីជូនដំណឹង កម្មវិធីស្រាវជ្រាវនេះត្រូវបានអនុវត្តដោយអ្នកជំនាញផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តក្រចេះ និងអង្គការ WWF ដោយមានការគាំទ្រផ្នែកបច្ចេកទេស និងចូលរួមពីក្រុមអ្នកជំនាញអភិរក្សជីវចម្រុះ BINCO ក្រុមអ្នកជំនាញបច្ចេកវិទ្យាដ្រូននៃម៉ាស៊ីនថតប្រើកំដៅ DRONES GmbH ក៏ដូចជាពីសំណាក់សហគមន៍ និងអាជ្ញាធរមូលដ្ឋានក្នុងតំបន់នៃដែនជម្រកសត្វព្រៃដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ដោយមានការគាំទ្រពីអង្គការ WWF ។

លទ្ធផលនៃការស្រាវជ្រាវនេះក៏បានបង្ហាញផងដែរពីវត្តមាននៃសត្វក្តាន់វ័យជំទង់ និងកូនជាច្រើនផងដែរ ដែលជាកត្តាចង្អុលបង្ហាញពីការបន្តពូជរបស់សត្វដ៏កម្រប្រភេទនេះនៅក្នុងតំបន់ទីជម្រក។ ក្រសួងបរិស្ថាន និងអង្គការ WWF កំពុងរៀបចំរបាយការណ៍ស្តីពីស្ថានភាព និងចំនួនសត្វក្តាន់ សម្រាប់ការចេញផ្សាយនាពេលខាងមុខនេះ។

សត្វក្តាន់ត្រូវបានកំណត់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជជាសកល ហើយនៅក្នុងប្រទេសកម្ពុជា សត្វក្តាន់នេះធ្លាប់ត្រូវបានអ្នកវិទ្យាសាស្រ្តប៉ានប្រមាណថាបានផុតពូជទៅហើយរហូតដល់មានការរកឃើញឡើងវិញនៅក្នុងឆ្នាំ ២០០៦ នៅក្នុងខេត្តក្រចេះ។

ទោះជាយ៉ាងណាក៏ដោយ សត្វនេះបាន និងកំពុងទទួលរងការគំរាមកំហែងដោយការបាត់បង់ទីជម្រក ការបរបាញ់ និងវិបត្តិអន្ទាក់ ដែលបានរាលដាលឡើងដោយការជួញដូរសត្វព្រៃខុសច្បាប់។ ដើម្បីជួយសង្រ្គោះសត្វក្តាន់ និង សត្វព្រៃសំខាន់ៗជាសកលជាច្រើនប្រភេទទៀតក្នុងប្រទេសកម្ពុជាពីការបរបាញ់ និងការដាក់អន្ទាក់ យុទ្ធនាការ«អន្ទាក់-សូន្យក្នុងតំបន់ការពារធម្មជាតិកម្ពុជា»ត្រូវបានរៀបចំឡើង និងបើកឲ្យដំណើរការជាផ្លូវការ កាលពីដើមខែមីនាឆ្នាំ២០២២កន្លងទៅនេះ ដោយមានគោលដៅលុបបំបាត់ការដាក់អន្ទាក់គ្រប់ប្រភេទ និងបញ្ចប់ការជួញដូរសត្វព្រៃខុសច្បាប់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង