
កាប៊ុល៖ វិហារអ៊ីស្លាមមួយកន្លែងក្នុងទីក្រុងកាប៊ុល រដ្ឋធានីនៃប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានទម្លាក់គ្រាប់បែកកាលពីថ្ងៃទី២៩ ខែមេសា។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា មនុស្សជាង ៥០នាក់បានស្លាប់បាត់បង់ជីវិត នេះបើយោងតាមការលើកឡើងរបស់ប្រធានវិហារឥស្លាម Syed Fazil Aqah។
មានមនុស្សកកកុញនៅសកម្មភាពសាសនានៅក្នុងវិហារឥស្លាមនៅពេលការផ្ទុះបានកើតឡើង។ ក្រសួងមហាផ្ទៃបណ្តោះអាសន្នរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានបាននិយាយថា មនុស្ស១០នាក់បានស្លាប់និង៣០នាក់រងរបួសក្នុងការបំផ្ទុះនោះ។
ប្រភពពីមន្ទីរសុខាភិបាលបាននិយាយថា សាកសពសរុបចំនួន ៦៦ នាក់ និងអ្នករបួស ៧៨ នាក់ ត្រូវបានទទួលនៅមន្ទីរពេទ្យផ្សេងៗ។ ខណៈមន្ទីរពេទ្យសង្គ្រោះបន្ទាន់មួយនៅកណ្តាលទីក្រុងកាប៊ុលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ខ្លួនបានទទួលអ្នករបួសចំនួន ២៣ នាក់ក្នុងនោះ ២ នាក់បានស្លាប់បន្ទាប់ពីបានចូលមន្ទីរពេទ្យ។
សាក្សីជាច្រើននាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ការផ្ទុះនេះមានកម្លាំងខ្លាំងរហូតដល់ថ្លង់ ហើយអាចលឺនៅក្នុងប្លុកជុំវិញ ហើយផ្នែកខ្លះនៃដំបូលវិហារបានដួលរលំ។ បុគ្គលិកសន្តិសុខរដ្ឋាភិបាលបណ្តោះអាសន្នរបស់អាហ្វហ្គានីស្ថានបានព័ទ្ធជុំវិញកន្លែងកើតហេតុ។
រដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថានបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការវាយប្រហារដោយសន្យាថានឹងស្វែងរកការពិត និងដាក់ទោសជនល្មើស។ ប៉ូលិសក្រុងកាប៊ុលបាននិយាយថា សេវាសន្តិសុខបានបើកការស៊ើបអង្កេត។ ទោះបីជាគ្មានបុគ្គល ឬក្រុមណាមួយ "អះអាង" ការវាយប្រហារនៅពេលនេះក៏ដោយ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ មានការទម្លាក់គ្រាប់បែកជាច្រើនលើកគោលដៅទៅលើវិហារអ៊ីស្លាម សាលារៀន និងការដឹកជញ្ជូនសាធារណៈក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលមួយចំនួនត្រូវបាន "អះអាង" ដោយក្រុមជ្រុលនិយម "រដ្ឋអ៊ីស្លាម" ដែលជាសាខា "រដ្ឋអ៊ីស្លាម Khorasan" ។ នៅថ្ងៃទី ២២ខែមេសា ការផ្ទុះមួយបានវាយប្រហារវិហារអ៊ីស្លាមមួយនៅខេត្ត Kunduz ភាគខាងជើង សម្លាប់មនុស្ស ៣៣ នាក់ និងរបួស ៤៣ នាក់។ ចាប់តាំងពីពួកតាលីបង់បានកាន់កាប់របបអាហ្វហ្គានីស្ថានក្នុងខែសីហាឆ្នាំមុន "រដ្ឋអ៊ីស្លាម Khorasan" បានបង្កឱ្យមានការវាយប្រហារជាច្រើននៅក្នុងប្រទេសអាហ្វហ្គានីស្ថានដោយបានសម្លាប់មនុស្សរាប់រយនាក់៕