Cctime 6monthsfree desktop
Cc times  web banner kh (2)

អង្គការណាតូត្រៀមខ្លួនសម្រាប់ការគាំទ្រអ៊ុយក្រែនរយៈពេលវែង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
 អគ្គលេខាធិការនៃអង្គការណាតូលោក Jens Stoltenberg ប្រភពរូប៖ RT 

ណាតូ៖ អង្គការណាតូកំពុងរៀបចំគាំទ្រអ៊ុយក្រែន "ក្នុងរយៈពេលយូរ" ដរាបណាជម្លោះយោធាជាមួយរុស្ស៊ីនឹងបន្ត។ អគ្គលេខាធិការនៃអង្គការណាតូលោក Jens Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អង្គការណាតូត្រៀមខ្លួនសម្រាប់ការគាំទ្រអ៊ុយក្រែន ទោះបីជាវាមានរយៈពេលជាច្រើនខែ និងច្រើនឆ្នាំក៏ដោយ។

ថ្លែងទៅកាន់កិច្ចប្រជុំកំពូលយុវជននៅទីក្រុងប្រ៊ុចសែល លោក Stoltenberg បានអះអាងថា វាស្ថិតនៅក្នុងដៃរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីបញ្ឈប់សកម្មភាពយោធា នៅពេលដែលគាត់ "ចាប់ផ្តើមសង្រ្គាម"។ លោក Stoltenberg បាននិយាយថា បណ្តាប្រទេសលោកខាងលិចនឹងបន្ត “ដាក់សម្ពាធអតិបរិមាលើប្រធានាធិបតី ពូទីន ដើម្បីបញ្ចប់សង្រ្គាម ដោយដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ និងតាមរយៈការផ្តល់ជំនួយផ្នែកសេដ្ឋកិច្ច និងយោធាដល់អ៊ុយក្រែន។

ប្រមុខអង្គការណាតូបានពន្យល់ថា "វាជាស្ថានភាពដែលមិនអាចទាយទុកជាមុនបាន និងផុយស្រួយក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែពិតជាមានលទ្ធភាពដែលសង្រ្គាមនេះ នឹងបន្តអូសបន្លាយរយៈពេលជាច្រើនខែ និងច្រើនឆ្នាំ"។

លោកបានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរបែបនេះតម្រូវឱ្យមានការបណ្តុះបណ្តាលបន្ថែមសម្រាប់កងកម្លាំងអ៊ុយក្រែន និងការសម្របសម្រួលកាន់តែប្រសើរឡើងនៃកិច្ចខិតខំប្រឹងប្រែងរវាងប្រទេសដែលគាំទ្រ ក្រុងគៀវ។ នៅក្នុងបរិបទនេះ លោកបានស្វាគមន៍ចំពោះសំណើររបស់សហរដ្ឋអាមេរិក ដើម្បីធ្វើការពិភាក្សាប្រចាំខែជាមួយសម្ព័ន្ធមិត្តមកពី និងក្រៅណាតូ ស្តីពីការការពារស្វ័យភាពរបស់អ៊ុយក្រែន។

សមាជិកភាពដ៏មានសក្តានុពលរបស់អង្គការណាតូរបស់អ៊ុយក្រែន និងការពង្រីកសម្ព័ន្ធភាពទៅភាគខាងកើត ត្រូវបានទីក្រុងមូស្គូចាត់ទុកថា ជាហេតុផលសំខាន់មួយសម្រាប់ការចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួន។ រុស្ស៊ីចាត់ទុកការអភិវឌ្ឍន៍បែបនេះ ជាការគំរាមកំហែងដោយផ្ទាល់ចំពោះសន្តិសុខរបស់ខ្លួន និងទទូចលើស្ថានភាពអព្យាក្រឹតសម្រាប់អ៊ុយក្រែន។ ចាប់តាំងពីពេលនោះមក វិមានក្រឹមឡាំងបានទាមទារឱ្យអ៊ុយក្រែនប្រកាសជាផ្លូវការថាខ្លួនជាប្រទេសអព្យាក្រឹត ដែលមិនចូលរួមជាមួយណាតូ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង