
ជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាយូរមក លើការអភិរក្សវប្បធម៌ រវាងសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជា រូបចម្លាក់ព្រះហិណ្ឌូ ក្រឺស្ណរៈគោវ៌ធន ដែលមានអាយុកាល ១៥០០ ឆ្នាំ និងវត្ថុបូរាណដទៃទៀតរបស់កម្ពុជា នឹងត្រូវបានដាក់តាំងនៅសារមន្ទីរជាតិសិល្បៈអាស៊ាន Smithsonian ក្នុងទីក្រុង Washington ពីថ្ងៃទី ៣០ ខែមេសា ដល់ថ្ងៃទី ១៨ ខែកញ្ញា។
ពិព័រណ៌នេះ ដែលមានឈ្មោះថា «បង្ហាញព្រះក្រឹស្ណរៈគោវ៌ធន៖ ដំណើរទៅកាន់ភ្នំដ៏ពិសិដ្ឋនៅកម្ពុជា» នឹងបង្ហាញ រូបចម្លាក់ព្រះសាសនាហិណ្ឌូ ដើម្បីការពារប្រជារាស្រ្តព្រះអង្គពីព្យុះភ្លៀងដែលបង្កើតឲ្យមានឡើងដោយព្រះមួយដែលមានការខឹងសម្បា។ កន្លងមក ពិព័រណ៌នេះត្រូវបានរៀបចំធ្វើនៅសាមន្ទីរសិល្បៈ Cleveland Museum of Arts។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា W. Patrick Murphy បានលើកទឹកចិត្តឲ្យសាធារណជនទស្សនាពិព័រណ៌ពិសេសនេះ នៅក្នុងវីដេអូមួយ ដែលត្រូវបានបង្ហោះនៅក្នុងហ្វេសប៊ុក របស់ស្ថានទូតអាមេរិកនៅភ្នំពេញ។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំមានមោទនភាពចំពោះការខិតខំ និងកិច្ចសហប្រតិបត្តិការអស់រយៈពេលដ៏យូរមករបស់យើង ក្នុងការអភិរក្ស ជួសជុល និងបង្ហាញឲ្យឃើញពីបេតិកភណ្ឌដ៏អស្ចារ្យ របស់ប្រទេសកម្ពុជានៅទូទាំងសាកលលោក» ។
ចាប់តាំងពីឆ្នាំ ២០០១ មក សហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង ៥ លានដុល្លារ ដល់ប្រទេសកម្ពុជា សម្រាប់ការងារអភិរក្សវប្បធម៌ តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ និងថវិកាជំនួយឥតសំណងដទៃទៀត។
ចំពោះព័ត៌មានលម្អិតស្តីពីពិព័រណ៌នេះ សូមចូលមើលក្នុងគេហទំព័ររបស់ Smithsonian ។


