ភ្នំពេញ៖ លោក សំ វិទ្យា ជាអតីតនិស្សិតនៃសាកលវិទ្យាល័យប៊ូរផា ជំនាញ Embedded Systems Engineering ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនេះ ក្នុងឆ្នាំ២០២០មកម្លេះ។ បច្ចុប្បន្នលោក សំ វិទ្យា បានបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ ប្រព័ន្ធព័ត៌មាន នៅសាកលវិទ្យាល័យជាតិ Yokohama ប្រទេសជប៉ុន។ ការសិក្សាជំនាញទាំងពីរនេះនៅសាកលវិទ្យាល័យ ដើម្បីជាប្រយោជន៍ ក្នុងការជួយអភិវឌ្ឍន៍ទៅលើបច្ចេកវិទ្យានៅក្នុងវិស័យសុខាភិបាល។
តាមរយៈការសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ លោក វិទ្យា បានឱ្យដឹងថា លោកបានប្រឡងអាហារូបករណ៍ទៅសិក្សាជំនាញ Embedded Systems Engineering នៅប្រទេសថៃ ក្នុងឆ្នាំ២០១៦។ លោក បានជ្រើសរើសសិក្សាជំនាញនេះ ព្រោះវាជាអ្វីដែលប្រទេសអភិវឌ្ឍបាននឹងកំពុងតែប្រើប្រាស់ ខណៈពេលដែលប្រទេសកម្ពុជាមិនទាន់មានច្រើននៅឡើយ។
លោក វិទ្យា បានបន្ដថា លោកនឹងប្រើប្រាស់ជំនាញនេះ នៅក្នុងវិស័យសុខាភិបាល ពិព្រោះការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងវិស័យសុខាភិបាល ស្ទើតែគ្មានសោះនៅកម្ពុជា។ ទៅថ្ងៃអនាគតអាចនឹងមានមនុស្សចាស់កាន់តែច្រើន ហើយមនុស្សចាប់ផ្ដើមរវល់ជាមួយការងាររបស់ខ្លួន ដែលមិនអាចមើលថែឪពុកម្ដាយរបស់ខ្លួនបានទេ។ ដូច្នេះពួកគេអាចប្រើប្រាស់បច្ចេកវិទ្យា ជំនួសមនុស្សដែលមើលថែមនុស្សចាស់បាន។
លោក វិទ្យា បានបន្ដទៀតថា ការរស់នៅក៏ដូចជាការសិក្សានៅប្រទេសថៃ ធ្វើឱ្យលោកជួបផលពិបាកមួយចំនួនដូចជាការប្រើប្រាស់ភាសានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របបអាហារ ជាដើម ដោយសារនៅទីនោះប្រជាជនថៃមិននិយាយភាសាអង់គ្លេសច្រើនឡើយ និងភាគច្រើនអាហារនៅទីនោះគឺហឹរ។ បន្ថែមពីនេះទៀត បើទោះបីជាកម្មវិធីនៃការសិក្សារបស់លោកជាភាសាអង់គ្លេសក៏ដោយ ក៏នៅតែមានមុខវិជ្ជាខ្លះទៀត ជាភាសាថៃ ដែលធ្វើជួបផលពិបាកខ្លះៗនៅក្នុងការសិក្សាផងដែរ។
លោក វិទ្យា បានបន្ថែមថា រហូតមកលដល់បច្ចុប្បន្ន លោក គិតថាភាពជោគជ័យធំបំផុតដែលលោកទទួលបានគឺសមត្ថភាពនៃភាពជាអ្នកដឹងនាំ និងការប្រឡងជាប់អាហារូបករណ៍ MEXT SCHOLARSHIP 2022 ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន។
គួរបញ្ជាក់ថា បច្ចុប្បន្នលោក សំ វិទ្យា ក៏កំពុងតែបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ ជំនាញប្រព័ន្ធព័ត៌មាន នៅសាកលវិទ្យាល័យជាតិ Yokohama ប្រទេសជប៉ុនផងដែរ៕