
ចិន៖ ក្រសួងការបរទេសចិន បានប្រកាសប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់លេស«ពាណិជ្ជកម្ម»ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា និងគាំទ្រពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការការពារឯករាជ្យ អធិបតេយ្យភាព និង សេចក្តីថ្លៃថ្នូររបស់ជាតិ។
ការប្រកាសរបស់ក្រសួងការបរទេសចិននេះ មុនប៉ុន្មានម៉ោងដែលគណៈកម្មការអឺរ៉ុបនឹងចេញផ្សាយសេចក្តីសម្រេចទាក់ទងនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ(EBA)ពីកម្ពុជា នៅចន្លោះម៉ោង ៦ ល្ងាច ដល់ ៨ យប់នេះម៉ោងនៅប្រទេសកម្ពុជា។
លោក កឹង សួង អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ‘ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង យើងប្រឆាំងនឹងការប្រើប្រាស់ពាណិជ្ជកម្មដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការការពារឯករាជ្យ អធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់ជាតិ ហើយមានឆន្ទៈក្នុងការផ្តល់ជំនួយដល់ការអភិវឌ្ឍប្រកបដោយស្ថេរភាព និងការលើកកម្ពស់ជីវភាពប្រជាជនរបស់ប្រទេសកម្ពុជា ព្រមទាំងសង្ឃឹមថា សហគមន៍អន្តរជាតិនឹងចូលរួមចំណែកក្នុងន័យស្ថាបនាបន្ថែមទៀត”។
ការថ្លែងរបស់លោក កឹង សួងនេះ ធ្វើឡើងបន្ទាប់ពីអ្នកសារព័ត៌មានសួរទៅលោកពាក់ព័ន្ធនឹងសហគមន៍អ៊ឺរ៉ុបដាក់សម្ពាធចំពោះប្រទេសកម្ពុជាដោយចោទថា កម្ពុជាគាបសង្កត់បក្សប្រឆាំង អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយនានា និងបានគំរាមដកហូតពីកម្ពុជាលើការអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងតែអាវុធ(EBA)»៕