
ហូជីមិញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង លើផ្លូវជាតិលេខ១ ដោយបានអូសគាត់និងម៉ូតូនៅក្រោមរថយន្តកាលពីយប់ថ្ងៃអង្គារ។ ភ្លៀងធ្លាក់ខ្លាំងចាប់ពីម៉ោង៩និង១៥នាទីយប់ នៅទីក្រុង Bien Hoa ក្នុងខេត្ត Dong Nai នៃទីក្រុងហូជីមិញ និងអូសបន្លាយជាងមួយម៉ោង បានលិចផ្នែកនៃផ្លូវជាតិលេខ១ ក្រោមទឹកកន្លះម៉ែត្រ អស់រយៈពេលជិតមួយម៉ោង។
បើតាមមន្រ្តីវៀតណាមបានឲ្យដឹងថា អ្នកធ្វើដំណើរបានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យយ៉ាងប្រញាប់ប្រញាល់ ប៉ុន្តែឥតប្រយោជន៍គាត់បានបាត់បង់ជីវិតទៅហើយ។ ទឹកជំនន់នេះក៏បានធ្វើឲ្យស្ទះម៉ូតូរាប់រយគ្រឿង នឹងស្ទះចរាចរណ៍យ៉ាងខ្លាំង។ បុរសម្នាក់ឈ្មោះ Thang ដែលរស់នៅក្នុងទីក្រុង Bien Hoa បាននិយាយថា៖ «ភ្លៀងធ្លាក់ជិតមួយម៉ោង ហើយទឹកបានហូរជាខ្លាំង»។ លោកបន្តថា«ទឹកជំនន់បានបណ្ដាលឲ្យមនុស្សជាច្រើនធ្លាក់ពីលើម៉ូតូ ហើយអ្នករស់នៅតាមដងផ្លូវបានប្រញាប់ប្រញាល់ចេញដើម្បីសង្គ្រោះពួកគេ»។ អស់រយៈពេលជាច្រើនឆ្នាំ កំណាត់ផ្លូវជាតិលេខ១ ក្នុងទីក្រុង Bien Hoa បានទទួលរងនូវទឹកជំនន់គ្រប់ពេលដែលភ្លៀងធ្លាក់ជាខ្លាំង។
ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលជលសាស្ត្រជាតិបានឲ្យដឹងថា រដូវវស្សាបានចាប់ផ្តើមចូលមកនៅភាគខាងត្បូង ហើយតំបន់នោះនឹងមានភ្លៀងធ្លាក់នៅពេលរសៀល និងពេលល្ងាច។ រដ្ឋបាលឧតុនិយម និងជលសាស្ត្រវៀតណាមបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់នៅដើមឆ្នាំនេះនៅក្នុងតំបន់មួយចំនួន៕