Cctimesw1140xh150cm copy

តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្តនឹងបញ្ចប់ការជួសជុលចុងនៅខែមេសានេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរា៖ តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្តនឹងបញ្ចប់ការជួសជុលចុងនៅខែមេសា ឆ្នាំ២០២២នេះ។ អ្នកជំនាញបានឱ្យដឹងថា តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្តឬគេអាចហៅថា«រួតបាកាណ»ពាក់កណ្ដាលនៃផ្នែកខាងលិចនឹងកាន់តែមានភាពរឹងមាំមួយកំរឹតទៀត។

លោក ឃាម មុនី អ្នកគ្រប់គ្រងការដ្ឋានជួសជុលខឿនរួតបាកាណ មានប្រសាសន៍ថា គម្រោងជួសជុលនៅជ្រុងនិរតី និងពាយ័ព្យ បានជិតរួចរាល់ជាស្ថាពរហើយ បន្ទាប់ពីក្រុមអ្នកជំនាញបានប្រឹងប្រែងលើការងារជួសជុលរយៈពេល១០ខែជិតរួចរាល់ គឺនៅតែបង្ហើយការងារតូចៗដែលនៅសេសសល់ប៉ុណ្ណោះ។ គម្រោងជួសជុលខឿនប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត ដែលចាត់ទុកថា ជាគម្រោងជួសជុលធំជាលើកទី១ គឺបានចាប់ផ្ដើមឡើងតាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១មក។

ក្រុមអ្នកជំនាញផ្នែកជួសជុល ឱ្យដឹងថា តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្តនៅជ្រុងនិរតី និងពាយ័ព្យមានសភាពទ្រុឌទ្រោមខ្លាំងដោយសារកត្តាជាច្រើន ដូចជា អាយុកាលនៃសំណង់ចាស់ធ្វើឱ្យថ្មពុក ប្រេះ និងបាក់ ការបោះបង់ចោលដោយគ្មានការថែរក្សារយៈពេលយូរ ការបំផ្លាញដោយធម្មជាតិ មានរុក្ខជាតិ ដុះចាក់ឬស និងទឹកភ្លៀងហូរច្រោះគ្រឹះថ្មបាយក្រៀម។

រូបភាព៖ អាជ្ញាធរជាតិអប្សរា

កន្លងមកអាជ្ញាធរជាតិអប្សរាបានធ្វើការទល់ទ្រជាបន្តបន្ទាប់ផងដែរ តែលើកនេះគឺក្រុមការងារបានរើ កាយយកកំណកដី កម្ទេចថ្ម ចេញរួចដាក់ថ្មចូលទីតាំងដើមវិញរុញឱ្យបានកិបល្អ លែងសូវមានឃើញចន្លោះប្រហោងទៀតហើយ។ លោកបានបន្តទៀតថា ក្រុមការងារពិតជាសប្បាយចិត្តដោយសារ យើងអាចបំលាស់ទីថ្មខ្លះដែលមានទម្ងន់ប្រហែលជាង៣តោន និងបានដឹកជញ្ជូនថ្មថ្មីយកទៅប្រើប្រាស់ដោយសុវត្ថិភាព។

លោកមុនី បន្តទៀតថា ក្នុងពេលជួសជុលតួប្រាង្គបាកាណនៃប្រាសាទអង្គរវត្តនេះដែរ ក្រុមការងារបានរកផ្គុំថ្ម រៀបចំថ្មដែលនៅរាយប៉ាយជុំវិញខឿន ដើម្បីរកកន្លែងដើមរបស់វាហើយអាចនឹងយកថ្មទាំងនោះ ទៅរៀបចូលនៅកន្លែងដើមវិញបានមួយចំនួនធំ។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានជួយទល់ទ្រសរសរណាដែលមានសភាពទ្រុឌទ្រោមថែមទៀតផង។

ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១មក អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានជួសជុលតួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត ជ្រុងនិរតីនិងពាយ័ព្យជាថ្មី ដោយប្រើឆន្ទះខ្ពស់បំផុត ពីព្រោះការជួសជុលនេះ មិនអាចនាំយកគ្រឿងចក្រចូលបាន គឺត្រូវប្រើកម្លាំងមនុស្សសុទ្ធដើម្បីលើកដុំថ្មធំៗយកទៅតម្រៀបគ្នាឡើងវិញរហូតបានសម្រេច។

បន្ទាប់ពីបញ្ចប់ការជួសជុលតួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត ឬហៅថា «រួតបាកាណ»នេះ ក្រុមការងារនឹងស្នើសុំមានគម្រោងជួសជុលខឿនបាកាណពីរជ្រុងទៀត គឺជ្រុងអគ្នេយ៍និងជ្រុងឦសានដែលមានសភាពខូចខាតខ្លាំងគួរឱ្យបារម្ភ៕ 

រូបភាព៖ អាជ្ញាធរជាតិអប្សរា


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង