
ប៉ាសរីស៖ ប្រធានាធិបតីបារាំងដែលកំពុងកាន់អំណាច លោក Emmanuel Macron បានឈ្នះធ្វើជាប្រធានាធិបតីមួយអាណត្តិទៀត ជាមួយនឹងសំឡេងឆ្នោត ជាង៥៨% ខណៈចំណែកលោកស្រីម៉ារីន ឡឺប៉ែន ដែលជាគូប្រជែង បានសំឡេងឆ្នោតចំនួនជាង ៤១%។
លោកស្រី ឡឺ ប៉ែន បានទទួលស្គាល់ការបរាជ័យរួចហើយ ប៉ុន្តែបានសន្យាថានឹងបន្តបំពេញកាតព្វកិច្ចរបស់ខ្លួនចំពោះជនជាតិបារាំង។ លោកស្រី Le Pen បាននិយាយថា ចលនានយោបាយរបស់លោកស្រីនឹងចាប់ផ្តើមការប្រយុទ្ធដ៏ធំមួយនៅក្នុងការបោះឆ្នោតសភានាខាងមុខនេះ។
អត្រាអ្នកមិនទៅបោះឆ្នោត មានប្រមាណ២៨% នៃចំនួនប្រជាជនក្នុងបញ្ជីឈ្មោះបោះឆ្នោត ទាំងអស់ប្រមាណ៤៩លាននាក់។ មានន័យថា ប្រជាជនបារាំងប្រមាណ១៤លាននាក់ ដែលបានបដិសេធ មិនជ្រើសរើសរវាងលោកម៉ាក្រុង និង លោកស្រី ឡឺប៉ែន។
ក្រោយទទួលបានជ័យជម្នះក្នុងការបោះឆ្នោត លោកប្រធានាធិបតី Emmanuel Macron បានរៀបចំកម្មវិធីជួបជុំជាមួយអ្នកគាំទ្រទាំងអស់ ដើម្បីអបអរជ័យជម្នះរបស់លោក ក្នុងការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី ហើយលោកបានថ្លែងអរគុណប្រជាពលរដ្ឋបារាំងទាំងអស់ ដែលបានសម្តែងមតិ ផ្តល់សេចក្តីទុកចិត្តមកលើរូបលោកឲ្យដឹកនាំប្រទេស៥ឆ្នាំទៀត។ លោកសន្យាថា ក្នុងអាណត្តិថ្មីរបស់លោក នឹងគឺជាយុគសម័យថ្មី ដែលលោកនឹងផ្លាស់ប្តូររបៀបដឹកនាំប្រទេស។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋប្រហែល ៤៩ លាននាក់អាចចូលរួមក្នុងការបោះឆ្នោត។ ជុំទីមួយបានធ្វើឡើងនៅថ្ងៃទី ១០ ខែមេសា បេក្ខជនចំនួន ១២ នាក់បានចូលរួមដោយលោក Macron និងលោកស្រី Le Pen បានឈានទៅជុំទីពីរ។ នៅក្នុងជុំទី ១ ប្រមុខរដ្ឋដែលកំពុងកាន់អំណាចបានឈ្នះ ២៧.៨៤% នៃសម្លេងឆ្នោតខណៈដែលមេដឹកនាំនៃការប្រមូលផ្តុំជាតិទទួលបាន ២៣.១៥% ៕