.png.gallery.jpg?1650509371)
អាមេដាបាដ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បាននិយាយថា ការចរចាសន្តិភាពណាមួយ ជុំវិញប្រទេសអ៊ុយក្រែន ទំនងជាបរាជ័យ ខណៈដែលលោកបានប្រៀបធៀបការពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទៅនឹងការចរចាជាមួយក្រពើ លោកថ្លែងបែបនេះខណៈដែលលោកធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា ។
មេដឹកនាំអង់គ្លេសលោក ចនសុនបាន និយាយថាការដោះស្រាយជាមួយលោកពូទីនគឺដូចជានិយាយជាមួយ "សត្វក្រពើ" ហើយបាននិយាយថាវាមានសារៈសំខាន់ណាស់ដែលលោកខាងលិចបន្តផ្តល់អាវុធដល់អ៊ុយក្រែន។ នាយករដ្ឋមន្ត្រី និយាយខណៈដែលលោកធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា ជាកន្លែងដែលលោកនឹងលើកទឹកចិត្តសមភាគីលោក Narendra Modi ឱ្យបញ្ចប់អព្យាក្រឹតភាពរបស់ខ្លួនជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ លោកបានបដិសេធនូវលទ្ធភាពដែលឥណ្ឌានឹងបញ្ចប់ទំនាក់ទំនងដ៏យូរអង្វែងរបស់ខ្លួនជាមួយរុស្ស៊ី។
ជាមួយគ្នានេះដែលលោក ចនសុន បានប្រាប់អ្នកយកព័ត៌មានថា "វាពិបាកណាស់ក្នុងការមើលពីរបៀបដែលប្រជាជនអ៊ុយក្រែនអាចចរចាជាមួយពូទីនឥឡូវនេះ ដោយសារការខ្វះជំនឿលើពូទីន " ។ លោកបន្តថា "យុទ្ធសាស្ត្ររបស់គាត់ ដែលជាភស្តុតាងជាក់ស្តែង គឺការព្យាយាមក្តោបក្តាប់ និងចាប់យកអ៊ុយក្រែនឱ្យបានច្រើនតាមដែលគាត់អាចធ្វើបាន ហើយប្រហែលគ្មានដំណោះស្រាយណាមួយដើម្បីបញ្ចប់សង្រ្គាមរុស្សីអ៊ុយក្រែនឡើយ"។
លោក Johnson បាននិយាយថា មេដឹកនាំពិភពលោក រួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានយល់ព្រមលើការអំពាវនាវមួយក្នុងសប្តាហ៍នេះថា ពួកគេនឹងបន្តផ្គត់ផ្គង់ដល់អ៊ុយក្រែននូវសព្វាវុធ រួមទាំងកាំភ្លើងធំផងដែរ ខណៈដែលរុស្ស៊ីបានបង្កើនការវាយប្រហាររបស់ខ្លួនលើតំបន់បូព៌ារបស់អ៊ុយក្រែន។ អ៊ុយក្រែន និងរុស្ស៊ី មិនបានបើកកិច្ចចរចាសន្តិភាពទល់មុខគ្នាទេ ចាប់តាំងពីថ្ងៃទី ២៩ខែមីនា ហើយបរិយាកាសបានផ្ទុះឡើងជុំវិញការចោទប្រកាន់របស់អ៊ុយក្រែនថា ទាហានរុស្ស៊ីបានប្រព្រឹត្តអំពើឃោរឃៅនៅទីក្រុង Bucha ក្បែរទីក្រុង គៀវ ខណៈទីក្រុងម៉ូស្គូបានបដិសេធការអះអាងនេះ។ ប្រទេសរុស្ស៊ីបានដណ្តើមយកទីក្រុងដំបូងរបស់ខ្លួននៅភាគខាងកើតអ៊ុយក្រែនជាផ្នែកនៃការវាយប្រហារថ្មីនៅសប្តាហ៍នេះដែលមន្ត្រីអ៊ុយក្រែនបានពិពណ៌នាថាជាសមរភូមិ Donbas ៕