
ភ្នំពេញ៖ កម្ពុជាចាប់រថយន្តដឹកលើសទម្ងន់បានចំនួន ២៨២ គ្រឿង និងពិន័យថវិកាជាង ៤៩៩ លានរៀល ក្នុងខែមីនា ឆ្នាំ២០២២ ដោយចំនួនដឹកល្មើសបានថយចុះប្រមាណ ៥ % បើប្រៀបធៀបទៅនឹងខែកុម្ភៈ ឆ្នាំ២០២២។ នេះបើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
បើតាមរបាយការណ៍ នៅខែមីនា ឆ្នាំ ២០២២ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានចាប់រថយន្តដឹកជញ្ជូនលើសទម្ងន់ ២៨២ គ្រឿង និងពិន័យថវិកាសរុបចំនួន ៤៩៩ លានរៀល ដោយមានការថយចុះចំនួន ១៧ គ្រឿង ស្មើ ៥ % បើធៀបនឹងទិន្នន័យ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ មានចំនួន ២៩៩ គ្រឿង ។
ក្រសួងអំពាវនាវឱ្យម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវដឹងថា ការបង្កផលប៉ះពាល់ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់ គឺបានបំផ្លាញផ្លូវជាតិដែលនាំឱ្យខាតបង់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះថ្នាក់ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ៕