ថៃ៖ លោក ផានី សេដ្ឋពង្ស និស្សិតខ្មែរមកពីខេត្តរតនគិរី។ លោកបានប្រឡងអាហារូបករណ៍ ទៅសិក្សាថ្នាក់វិទ្យាល័យនៅឯវិទ្យាល័យ Piboonbumpen Demonstration School of Burapha Universityប្រទេសថៃ តាំងពីឆ្នាំ២០១៥ តាមរយៈអាហារូបករណ៍ ព្រះរាជទានរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រីសិរិនថន ដែលផ្ដល់ឱ្យទៅលើការសិក្សាក្នុងវិស័យសុខាភិបាល។ លោក សេដ្ឋពង្ស ក៏ទើបតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគិលានុបដ្ឋាយិកា នៃសាកលវិទ្យាល័យប៊ូរផា (Burapha University)ផងដែរ។
លោក សេដ្ឋពង្ស បានប្រាប់ស៊ីស៊ីថាមស៍ថា អាហារូបករណ៍ ព្រះរាជទានរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រីសិរិនថន ជាប្រភេទអាហារូបករណ៍ ដែលផ្ដល់ឱ្យសិស្សវិទ្យាល័យនៅខេត្តរតនគិរី និងមណ្ឌលគិរី ដែលជាតំបន់ភូមិភាគឥសាន និងជាខេត្តដែលមានតម្រូវការខ្ពស់ផ្នែកសុខាភិបាល ដើម្បីឱ្យសិស្សដែលជាប់អាហារូបករណ៍នោះមករៀននៅវិទ្យាល័យ និងបន្ដការសិក្សានៅមហាវិទ្យាល័យផ្នែកសុខាភិបាលតែម្ដង។
លោក សេដ្ឋពង្ស បានបន្ដថា លោកបានជួបផលលំបាកជាច្រើននៅពេលទៅដល់ប្រទេសថៃដំបូង។ ដោយសារតែនៅក្មេងមិនធ្លាប់រស់នៅឆ្ងាយពីគ្រួសារ ហើយមកជួបជាមួយនឹងមនុស្សប្លែកមុខ នឹងប្លែកទីកន្លែង រួមទាំងវប្បធម៍ របៀបរបបការរស់នៅ សង្គម ការទាក់ទងជាមួយមិត្តភក្ដិ ដែលសឹងតែខុសស្រលះពីកន្លែងដែលលោកធ្លាប់រស់នៅ នឹងការប្រើប្រាស់ភាសាដោយសារតែចំណេះដឹងភាសាថៃនៅមានកម្រិតធ្វើឱ្យប៉ះពាល់ខ្លាំងទៅលើការសិក្សារបស់លោក។ រហូតដល់លោករៀនដល់ថ្នាក់ទី១១ ទើបអាចប្រើប្រាស់ភាសាបានល្អ នឹងមិនមានបញ្ហាទាក់ទងនឹងភាសាទៀតឡើយ។
លោក សេដ្ឋពង្ស បាននិយាយទៀតថា លោកជាមនុស្ស Extrovert ក្លាហាន និងចូលចិត្តចូលរួមសកម្មភាពផ្សេងៗ ហើយនៅសាលាមានសកម្មភាព ក៏ដូចជាកម្មវិធីជាច្រើន ដែលសិស្សអាចចូលរួមបាន លោកបានចំណាយពេលទៅចូលរួមកម្មវិធីទាំងនេះ ដែលធ្វើឱ្យលោកកាត់បន្ថយនូវស្រ្តេស សម្ពាធ ដែលធ្វើឱ្យលោកសិក្សាដោយភាពសប្បាយរីករាយ។ នៅពេលដែលរៀនដោយភាពសប្បាយរីករាយ គឺកាន់តែជំរុញឱ្យយើងកាន់តែចង់រៀន និងធ្វើឱ្យលទ្ធផលនៃការសិក្សាមានភាពល្អប្រសើរ។
លោក សេដ្ឋពង្ស បានបន្ថែមថា ក្រោយបានចូលមហាវិទ្យាល័យ លោកមិនមានបញ្ហាជាមួយវប្បធម៌ និងភាសាទៀតឡើយ។ បើទោះបីជាលោកមិនមានបញ្ហាខ្លាំងជាមួយភាសាក៏ដោយ ក៏នៅតែមានមុខវិជ្ជាមួយចំនួនដែលពិបាកយល់ផងដែរ។ ដូច្នេះលោកបានកាត់បន្ថយសកម្មភាពផ្សេងៗ ជាមួយមហាវិទ្យាល័យ ដើម្បីយកពេលមកស្វ័យសិក្សា ទៅលើមុខវិជ្ជាដែលពិបាកខ្លាំង។
លោក សេដ្ឋពង្ស បាននិយាយថា អំឡុងពេលលោករៀនឆ្នាំទី៣ ជាពេលដែលមានការរីករាលដាលនៃវីរុសកូវីដ-១៩ ដែលធ្វើអោយមានការផ្លាស់ប្តូរនិងផ្តល់ផលវិបត្តិជាច្រើនទៅលើការសិក្សាទោះជាយ៉ាងណាក្ដី លោក សេដ្ឋពង្ស បានមើលឃើញចំណុចល្អនៅក្នុងនោះថាការសិក្សារបស់លោកមានភាពងាយស្រួលជាងមុន ដោយចំណេញពេលវេលាក្នុងការធ្វើដំណើរទៅមហាវិទ្យាល័យ។ ប៉ុន្ដែក្នុងនោះក៏មានផលអវិជ្ជាមាន ការចុះកម្មសិក្សាត្រូវបានផ្អាក ដោយសារការរីករាលដាលនៃវីរុសកូវីដ-១៩ ទើបការចុះកម្មសិក្សាត្រូវធ្វើតាមរយៈអនឡាញ។ ដោយសារការចុះកម្មសិក្សាតាមរយៈអនឡាញ មានការពិបាកទើបមានការផ្លាស់ប្ដូរពីការចុះកម្មសិក្សា មកសិក្សាទ្រឹស្ដី រួចទើបចុះកម្មសិក្សាតែម្ដង។
គួរបញ្ជាក់ លោក សេដ្ឋពង្ស ជានិស្សិតម្នាក់ដែលមានគំនិតច្នៃប្រឌិតខ្ពស់។ គាត់បានចែករំលែកបទពិសោធន៍ការបញ្ចូលភាពច្នៃប្រឌិតក្នុងការសិក្សាផ្នែកគិលានុបដ្ឋាយិកាថា «បច្ចុប្បន្នពួកយើងត្រូវការអភិវឌ្ឍបច្ចេកវិទ្យាផ្សេងៗជាច្រើនដើម្បីជួយសម្រួលបន្ទុកទៅដល់បុគ្គលិកសុខាភិបាលនិងជួយសម្រួលបន្ទុកដល់គ្រួសារអ្នកជំងឺដែលត្រូវមើលថែអ្នកជំងឺតនៅគេហដ្ឋានរបស់ពួកគាត់។ ដូច្នេះហើយតើពួកយើងមានគំនិតច្នៃប្រឌិតអ្វីដែលអាចច្នៃជា Innovation ថ្មីៗក្នុងការជំនួយដល់ការថែរក្សាអ្នកជំងឺ ការប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកជំងឺ និងជួយសម្រួលបន្ទប់អ្នកមើលថែអ្នកជំងឺផងដែរ។»
បទពិសោធន៍ក្នុងការចុះកម្មសិក្សារបស់លោក សេដ្ឋពង្ស សឹងតែគ្រប់មុខវិជ្ជាតែងតែមាន Project ក្នុងការគិតអ្វីថ្មីៗដើម្បីផលិត Innovation មិនថានៅក្នុងមន្ទីរពេទ្យ នៅតាមផ្ទះ ក្នុងសហគមន៍ រួមទាំងការជួយក្នុងការ Management នៅក្នុងមន្ទីរមើលថែទាំអ្នកជំងឺផងដែរ។ វាគឺជារឿងមួយដ៏ល្អសម្រាប់លោក សេដ្ឋពង្ស ដែលឲ្យលោកអាចប្រើគំនិតច្នៃប្រឌិតមកបញ្ចេញឲ្យអស់ពីសមត្ថភាព។ បូករួមជាមួយនឹងការរួមគ្នាពីមិត្តភ័ក្រនិងការធ្វើការជាក្រុម ព្រោះថាទោះបីមានគំនិតច្នៃប្រឌិតយ៉ាងណាក៏ដោយ បើយើងធ្វើការតែម្នាក់ឯង នោះយើងក៏មិនអាចទៅដល់ការជោគជ័យដេរ។
ជាចុងក្រោយលោក សេដ្ឋពង្សបានផ្ដាំផ្ញើរទៅដល់ប្អូនៗជំនាន់ក្រោងផងដែរថា «ខ្ញុំជឿថាបច្ចុប្បន្នយុគសម័យបានដើរលឿនមែនទែន ការអភិវឌ្ឍតែងតែឆ្ពោះទៅមុខរហូត។ ដូច្នេះហើយគំនិតច្នៃប្រឌិតគឺជាអ្វីដែលសំខាន់មួយក្នុងការផលិតអ្វីថ្មីៗនៅក្នុងសង្គម ដើម្បីអភិវឌ្ឍន៍ជាតិឱ្យរីកចម្រើនទៅមុខ។ ការសិក្សាគឺជាអ្វីដែលសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ អភិវឌ្ឍសង្គមនិងការផ្ដល់ឱកាសថ្មីៗនៅក្នុងជីវិត។ ដូច្នេះហើយសូមបងប្អូនទាំងអស់គ្នាកុំបោះបង់ការសិក្សាចោលនឹងព្យាយាមឆក់យកឱកាសក្នុងការបន្តការសិក្សា។ ខ្ញុំមិនមែនជាសិស្សពូកែណាស់ណាទេប៉ុន្តែខ្ញុំអាចធ្វើវាបានខ្ញុំក៏ជឿថាអ្នកទាំងអស់គ្នាក៏អាចធ្វើវាបានដូចគ្នា»។
"From a daydream kid who dream big, And now completed his dream. I can do it. You can do it."