
មូស្គូ៖ អធិការបតីអូទ្រីស លោក Karl Nehammer បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅទីក្រុងមូស្គូ កាលពីថ្ងៃចន្ទ ដោយអំពាវនាវឱ្យបញ្ចប់សង្រ្គាមជាមួយអ៊ុយក្រែន។
លោក Karl Nehammer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រជុំនេះគឺ ការជួបដោយផ្ទាល់ បើកចំហ និងស្វិតស្វាញ ហើយសារសំខាន់របស់លោកដែលផ្ញើទៅកាន់លោក ពូទីន គឺថា «សង្រ្គាមត្រូវតែបញ្ចប់ ព្រោះថាភាគីទាំងពីរនឹងទទួលរងនូវការខាតបង់យ៉ាងធ្ងន់ធ្ងរ និងអ្នករងរបួសកាន់តែច្រើន»។
ទីភ្នាក់ងារព័ត៌មានអូទ្រីស APA បានរាយការណ៍ថា លោក Karl Nehammer បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍ថា ដំណើររបស់លោកនៅទីក្រុងមូស្គូរបស់លោក មិនមែនជាដំណើរទស្សនកិច្ចមិត្តភាពនោះទេ។
លោក Nehammer បានប្រាប់លោក ពូទីន ថា ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើប្រទេសរុស្ស៊ីនឹងបន្ត ប្រសិនបើនៅតែមានការបាត់បង់ជីវិតបន្ថែមទៀតនៅក្នុងអ៊ុយក្រែន។ ហើយលោកនឹងរាយការណ៍ពីកិច្ចប្រជុំនេះទៅដៃគូសហភាពអឺរ៉ុបរបស់លោក។
លោក Nehammer គឺជាប្រមុខរដ្ឋាភិបាលដំបូងគេមកពីបណ្តាប្រទេសសហភាពអឺរ៉ុបដែលបានជួបលោកពូទីននៅទីក្រុងមូស្គូចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរុស្ស៊ីនិងអ៊ុយក្រែន៕