Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

«ការនេសាទខុសច្បាប់»ធ្វើឲ្យអ្នកល្បាតក្នុងភូមិកំពង់ភ្លុកប្រឈមនឹងហានិភ័យ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ A24

សៀមរាប៖ ប្រជាពលរដ្ឋនៅឃុំកំពង់ភ្លុក កំពុងរងគ្រោះពីការនេសាទខុសច្បាប់នៅបឹងទន្លេសាប ដោយសារអ្នកនេសាទខុសច្បាស់ប្រើប្រាស់ឱបករណ៍ឆក់ត្រី និងយ៉ាំងកាវ ធ្វើឲ្យត្រីក្នុងបឹងបាត់បង់យ៉ាងធ្ងន់ធ្ងរ។ ការថយចុះកម្រិតទឹកនៃទន្លេមេគង្គក៏បង្កឱ្យផលត្រីធ្លាក់ចុះផងដែរ។

អ្នកភូមិបានដឹងពីផលប៉ះពាល់នេះ ដោយសារប្រាក់ចំណូលប្រចាំថ្ងៃពីរបរនេសាទរបស់ពួកគេបានធ្លាក់ចុះ។ ការណ៍នេះ បង្ខំឱ្យអ្នកភូមិជាច្រើនផ្លាស់ប្តូរមុខរបរពីការនេសាទ មកចាប់ផ្តើមដឹកជញ្ជូនភ្ញៀវទេសចរតាមទូកទស្សនាព្រៃលិចទឹកក្នុងបឹងទន្លេសាប ដើម្បីប្រកបរបរចិញ្ចឹមជីវិតជំនួសវិញ។ ទោះបីផ្លាស់ប្តូររបរចិញ្ចឹមជីវិតក្តី អ្នកភូមិត្នោតកំបុត ក្នុងឃុំកំពង់ភ្លុកនៅតែមានបញ្ហា និងមិនអាចរកប្រាក់ចំណូលបានសមរម្យ។

ទន្ទឹមនឹងនេះ ពីមួយឆ្នាំទៅមួយឆ្នាំ ព្រៃលិចទឹករាប់សិបហិកតា ត្រូវបានអ្នកភូមិកាប់បំផ្លាញ និងដុតចោលនៅរដូវប្រាំង ដើម្បីប្រែក្លាយដីលិចទឹកឱ្យទៅជាដីកសិកម្ម។ លោក វាន់ ផល ដែលជាមេភូមិបានមានប្រសាសន៍ថា បញ្ហាលេចធ្លោជាងគេ ដែលប៉ះពាល់ដល់ប្រជានេសាទ គឺការនេសាទខុសច្បាប់។ ហើយលោកបន្ថែមថា ប្រសិនបើបញ្ហានេះត្រូវបានដោះស្រាយ នោះចំនួនត្រីនឹងកើនឡើង។

រូបភាព៖ A24

លោក សុខ ប្លង់ ជាមេឃុំកំពង់ភ្លុក បានឲ្យដឹងថា កំណត់ទឹកឡើង គឺចុងខែ៦ ត្រូវតែទឹកឡើង។ ហើយដល់ពេលបច្ចុប្បន្ន ខែ៨ ខែ៩ បានទឹកឡើង។ ដូច្នេះជហើយ ធ្វើឱ្យខែដែលត្រីត្រូវពង គឺមិនអាចចូលជម្រក ពងបាន។ ពងចោលនៅតាមទន្លេ។ ធ្វើឱ្យត្រីផ្សេងទៀត វាស៊ីពងគ្នាវា។ បញ្ហាធ្វើនេសាទ ដែលច្បាប់ហាមឃាត់ ដូចជាឧបករណ៍ឆក់ ឬយាំងកាវ ស៊ីបយ៉ន់ ជាដើម ដែលតែងតែលបលួចធ្វើសកម្មភាពនៅពេលយប់។ មង សន្ទូច សាយឺន ដែលគាត់ដាក់ យប់ឡើងគាត់មកសម្រាកនៅផ្ទះ ព្រឹកឡើងបានគាត់ទៅវិញ អ៊ីចឹងគាត់ត្រូវទុកសម្ភារៈចោលនៅក្នុងទឹក។ មង ព្រឹកឡើងបានយើងទៅស្រាវ ហើយសន្ទូចដូចគ្នា។ ដល់ពេលគាត់ទៅអូសយាំងកាយទៅ វាដាច់។ បំផ្លាញរបស់ទ្រព្យរបស់ប្រជានេសាទធ្ងន់ធ្ងរ។

លោក សួន ចាន់សិរី ជាអ្នកនាំផ្លូវ និងជាម្ចាស់អាហារ បាននិយាយថា ការផ្ដាស់ផ្ដូរពីការនេសាទត្រី ទៅជាដឹកភ្ញៀវទេសចរហ្នឹង ពីព្រោះការនេសាទមានផលប៉ះពាល់ទំហំខ្លាំងដែរ។ កាលពីមុន គាត់រាយត្រឹមតែ១០ដៃ ២០ដៃ វាបានត្រីច្រើន ប៉ុន្តែឥឡូវ រាយមងច្រើនហើយ តែបានត្រីតិច។ ...នៅលើបឹងទន្លេសាបរបស់យើង វាបាត់បង់ច្រើនណាស់ ព្រោះប្រភេទត្រីសព្វថ្ងៃ សល់ប្រហែល៧-៨មុខ។ វា២០០ទៅ៣០០ប្រភេទត្រី ឥឡូវសល់តែ៧ទៅ៨ប្រភេទត្រី។

លោក វ៉ាន់ ផល ជាមេភូមិត្នោតកំបុត បានឲ្យដឹងថា គាត់ធ្លាប់ធ្វើស្រែ ទោះបីផលត្រីធ្លាក់ចុះ ក៏គាត់នៅតែបន្តនេសាទដដែល។ តែលោកជឿថា បើសិនជាបំបាត់បាននូវឧបករណ៍ខុសច្បាប់ ដូចពួកវៀតណាមអូសយាំងកាយ ឆក់អីហ្នឹង ខ្ញុំជឿថា៣ឆ្នាំក្រោយត្រីនឹងសម្បូរ។ ទី២ គឺកត្តាព្រៃលិចទឹកនេះ ដែលយើងអត់ឱ្យប្រជាពលរដ្ឋធ្វើស្រែ អាស្រ័យផលតំបន់៣ ទុកឱ្យព្រៃដុះឡើងវិញមក ដឹងតែត្រីមានឡើងវិញ។

រូបភាព៖ A24

លោក ម៉ាធីវ ភារ៉េ ជាអ្នកទេសចរជនជាតិបារាំង ថ្លែងថា សតវត្សទី២១ គឺជាពេលត្រូវគិតដល់ប្រព័ន្ធអេកូឡូស៊ី និងបរិស្ថាន។ អ៊ីចឹងចំពោះខ្ញុំ បើឱ្យខ្ញុំមានយោបល់ ខ្ញុំថាប្រទេសពាក់ព័ន្ធទាំងអស់ គួរតែពិភាក្សាគ្នារកវិធីដោះស្រាយ ធ្វើយ៉ាងណាសង្គ្រោះទីនេះ។ វាសំខាន់ខ្លាំងណាស់ ដែលយើងរក្សាប្រព័ន្ធអេកូឡូស៊ីឱ្យមានតុល្យភាពល្អ។ ពិភពលោកកំពុងអភិវឌ្ឍ អ៊ីចឹងហើយ យើងគេចមិនផុតពីបាត់បង់ហេដ្ឋារចនាសម្ព័ន្ធខ្លះនោះទេ។ វាពិតធម្មតាទៅហើយ។ ប៉ុន្តែយើងត្រូវតែអភិរក្សកន្លែងបែបនេះ។ ពិសេសជាងនេះ ប្រសិនបើកន្លែងបែបនេះ ជាកន្លែងកម្រក្នុងតំបន់ និងទ្វីប។ ហើយបញ្ហាប្រឈមនោះ គឺនៅត្រង់ថាយើងត្រូវតែថ្លឹងថ្លែងឱ្យមានតុល្យភាពគ្នានៅអ្វីដែលយើងគួរធ្វើ និងអ្វីយើងគួរអភិរក្ស។ វាអាក្រក់ពេកណាស់ ក្រោយដឹងថាកន្លែងនេះ កំពុងតែរងផលប៉ះពាល់ស្ទើរក្រៀមក្រោះ។

លោក ម៉ាធីវ ភារ៉េ គិតថានរណាក៏ដោយនៅក្នុងពិភពលោកនេះ គេនឹងនិយាយដូចលោកដែរ។ លើកលែងតែមនុស្សដែលចង់បំផ្លាញ ដើម្បទទួលបានអ្វីមួយមកបំពេញមហិច្ចតាខ្លួន។ តែទោះយ៉ាងណា ខ្ញុំជឿថាអ្នកគ្រប់គ្នាមុខតែយល់ស្រប់ បើសិនគេដឹងថាកន្លែងនេះ កំពុងប្រឈមនឹងការបាត់បង់។ ព្រោះថា ដំបូងបំផុត ទីនេះត្រូវរក្សាសម្រាប់តុល្យភាពបរិស្ថាន និងបន្ទាប់មក គឺទីនេះចាំបាច់សម្រាប់ជីវិតមនុស្សដែលរស់នៅពឹងផ្អែកលើវាដើម្បីរស់។

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង