ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡាថ្កោលទោសជាសាធារណៈចំពោះអ្នកក្លែងបន្លំឯកសារសាធារណៈ និង ស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ចចាត់ការបុគ្គលពាក់ព័ន្ធតាមផ្លូវច្បាប់។ការអំពាវនាវនេះ ធ្វើឡើងក្រោយពីទីស្តីការគណៈរដ្ឋមន្ត្រីបានរកឃើញមានបេក្ខជនចំនួន៤៣នាក់ ត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះនិស្សិតប្រឡងថ្នាក់ជាតិចូលរៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលដោយមូលហេតុក្លែងបន្លំឯកសារសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្រសួងមិនគាំទ្ររាល់បទក្លែងបន្លំឯកសារសាធារណៈ។ ក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យករណីនេះ និង សូមអំពាវនាវដល់ភាគីមានសមត្ថកិច្ចចាត់ការបុគ្គលពាក់ព័ន្ធតាមផ្លូវច្បាប់។
យោតាមលិខិតចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ របស់គណៈកម្មាធិការប្រឡងថ្នាក់ជាតិនៃទីស្តីការគណៈរដ្ឋមន្ត្រីដែលចុះផ្សាយដោយវិទ្យុបារាំងអន្តរជាតិ បានប្រកាសលុបឈ្មោះបេក្ខជនចំនួន៤៣នាក់ចេញពីបញ្ជីឈ្មោះនិស្សិតប្រឡងថ្នាក់ជាតិចូលរៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលចាប់ពីឆ្នាំសិក្សា២០១៩-២០២០ តទៅដោយមូលហេតុក្លែងបន្លំឯកសារសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)។
ក្នុងលិខិតបានរកឃើញថា បេក្ខជនដែលត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះប្រឡងថ្នាក់ជាតិរួមមានផ្នែកវេជ្ជបណ្ឌិតម្នាក់ បរិញ្ញាបត្ររងគិលានុបដ្ឋាកចំនួន ២៧នាក់ ដែលភាគច្រើនជាអ្នកបានប្រឡងសញ្ញាបត្របាក់ឌុបឆ្នាំ២០១៩ និងឆ្នាំ២០១៨។ ផ្នែកបរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍ មានចំនួន៧នាក់ ភាគច្រើនប្រឡងសញ្ញាបត្រ បាក់ឌុបឆ្នាំ២០១៨ និងឆ្នាំ២០១៧។ ចំណែកបេក្ខជន ដែលត្រូវលុបឈ្មោះពីការប្រឡងចូលផ្នែកបរិញ្ញាបត្ររងទន្តគិលានុបដ្ឋាក និងបរិញ្ញាបត្ររងឆ្មប សរុបចំនួន ៧នាក់៕