កែប៖ គិតមកដល់ពេលនេះ សេវាកម្មស្នាក់នៅក្នុងខេត្តកែប មានភ្ញៀវកក់ប្រមាណ៨០ភាគរយ។ ចំណែកតម្លៃបានកើនឡើងលើសប្រមាណ១០ភាគរយ នៃសេវាស្នាក់នៅ។ នេះបើតាមលោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប។
លោក សោម ចិន្តា បានឲ្យដឹងថា គិតមកដល់ពេលនេះ សេវាកម្មទេសចរណ៍មានការផ្អាកមិនទាន់មានដំណើរការ កន្លែងខ្លះបាននិងកំពុងជួសជុល និងកន្លែងកំពុងរើសបុគ្គលិកបន្ថែម ក្រោយពីបានផ្អាកមួយរយៈក្នុងអំឡុងពេលកូវីដ-១៩រីករាលដាល។
លោក សោម ចិន្តា បានបន្ថែមថា ចំពោះសេវាស្នាក់បាននិងកំពុងដំណើរការទាំងផ្ទះសំណាក់និងសណ្ឋាគារ បឹងកាឡូប្រមាណជា១០០ទីតាំងដែលមានប្រមាណ១០០០បន្ទប់ ដើម្បីស្វាគមន៍ភ្ញៀវមកអញ្ចើញមកសម្រាកលេងកម្សាន្តនៅតំបន់ទេសចរណ៍ខេត្តកែប នាឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
សូមជម្រាបថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។ នៅតាមបណ្តារាជធានី-ខេត្តមួយចំនួននឹងមានការរៀបចំកន្លែងកម្សាន្ត និងសង្រាន្ត ដើម្បីត្រៀមទទួលទេព្តាឆ្នាំថ្មី៕