Cctimesw1140xh150cm copy

គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី«សុវត្ថិភាពម្ហូបអាហារ»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី០១មេសានេះ បានអនុម័តទាំងស្រុងហើយលើសេចក្តីព្រាងច្បាប់ស្តីពី«សុវត្ថិភាពម្ហូបអាហារ»។

ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានរៀបចំឡើងដោយយោងតាមការតម្រូវនៃនិន្នាការសកលនៃពាណិជ្ជកម្មអន្តរជាតិ និងស្របទៅតាមកម្មវិធីការងាររបស់រាជរដ្ឋាភិបាលឆ្នាំ២០១២-២០១៥ ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ដែលកម្ពុជាមានកាតព្វកិច្ចត្រូវរៀបចំប្រព័ន្ធច្បាប់ឱ្យបានរឹងមាំ ដើម្បីឆ្លើយតបទៅនឹងឧត្តមានុវត្តន៍អន្តរជាតិ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ទៅក្នុងតំបន់និងសកល។

បើតាមឯកឧត្តម ផៃ ស៊ីផាន ដោយយល់ឃើញអំពីសារៈសំខាន់នេះ និងដើម្បីឱ្យស្របតាមគោលការណ៍នៃប្រព័ន្ធច្បាប់ពិភពលោក ក្រសួងពាណិជ្ជកម្ម បានសហការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារនេះឡើង ដើម្បីគ្រប់គ្រងប្រតិបត្តិករអាជីវកម្មម្ហូបអាហារនៅគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផលិតកម្ម និងធានាថាផលិតផលម្ហូបអាហារទាំងអស់ ដែលចរាចរនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានគុណភាព សុវត្ថិភាព និងអនាម័យល្អ សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប។

ឯកឧត្តម ផៃ ស៊ីផាន បានបន្តថា សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ មានសារៈសំខាន់ក្នុងការកំណត់គោលការណ៍ជាមូលដ្ឋាន ដើម្បីជំរុញឱ្យផលិតផលម្ហូបអាហារមានសុវត្ថិភាពនិងស្របតាមស្តង់ដាកំណត់សំដៅធានាកម្រិតនៃការការពារអាយុជីវិត និងសុខភាពប្រជាពលរដ្ឋ ធានាប្រសិទ្ធភាពនៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់ រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ម៉្យាងវិញទៀត តម្រូវការក្នុងផលិតកម្ម និងពាណិជ្ជកម្មម្ហូបអាហារ តម្រូវឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មស្តីពីអនាម័យ និងភូតគាមអនាម័យ (SPS) និងរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម (TBT) ដែលជាកម្លាំងចលករជំរុញឱ្យមានកំណើនវិនិយោគ ជំរុញប្រសិទ្ធភាពនៃការនាំចេញម្ហូបអាហារ និងធានាបាននូវការប្រកួតប្រជែងប្រកបដោយសមធម៌និងយុត្តិធម៌ ក្នុងវិស័យផលិតកម្មនិងពាណិជ្ជកម្មម្ហូបអាហារ។

ឯកឧត្តម ផៃ ស៊ីផាន លក្ខណៈពិសេសនៃសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួម និងមានលក្ខណៈពហុវិស័យ ដែលចាំបាច់តម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តការគ្រប់គ្រង និងត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ នៅតាមគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផលិតកម្ម៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង