
ភ្នំពេញ៖លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុននឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ខ្លួន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២។ក្នុងដំណើរទស្សនកិច្ចនោះ ជប៉ុនប្រកាសពីបំណងចាប់ដៃជាមួយកម្ពុជា ដើម្បីសន្តិភាព និង ស្ថិរភាពក្នុងតំបន់។
ឯកឧត្តម គីស៊ីដា ហ្វូមិអុ នាយករដ្ឋមន្ត្រីជប៉ុន បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជាពេលនេះ ធ្វើឡើងបន្ទាប់ពីលោកបានមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការបរទេសក្នុងឆ្នាំ២០១៤មកម្ល៉េះ។លោកទន្ទឹងរង់ចាំឃើញដោយផ្ទាល់នូវភាពរីកចំរើនបន្ថែមទៀតនៅកម្ពុជា ។
បើតាមនាយករដ្ឋមន្ត្រីជប៉ុន ក្នុងទស្សនកិច្ចរបស់លោកមកកាន់កម្ពុជាពេលនេះ មានគោលបំណងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជប៉ុន-កម្ពុជា ដើម្បីឆ្ពោះទៅរកសន្តិភាព ការស្តារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។លោកជឿជាក់ថា កិច្ចសហប្រតិបត្តិការទាំងនេះបាននាំឲ្យមានទំនាក់ទំនងទុកចិត្តគ្នាដ៏ស៊ីជម្រៅ រវាងរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ។
ទាក់ទងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន លោកអះអាងថា ជប៉ុន និងកម្ពុជា បានចូលរួមជាមួយគ្នាជាប្រទេសសហស្ថាបនិកនៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីការឈ្លានពានលើប្រទេសអ៊ុយក្រែន ហើយក៏បានសម្តែងការប្រឆាំងយ៉ាងច្បាស់ចំពោះការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំងជាឯកតោភាគីរបស់រុស្ស៊ី និងអំពើហិង្សាប្រឆាំងនឹងច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។លោកមានបំណងសហការជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក៕