Yearendyearend1140x150
Img 0571

លោកស៊ី ជិនពីង សន្ទានាទូរស័ព្ទជាមួយសម្តេច ហ៊ុន សែន និយាយពីទំនាក់ទំនង

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ លោក ស៊ី ជិនពីង ប្រធានាធិបតីចិននៅថ្ងៃទី ១៨ មីនានេះ បានសន្ទានាតាមទូរស័ព្ទជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ក្នុងកិច្ចសន្ទនានោះ ភាគីទាំងពីរបានជជែក និង វាតម្លៃពីទំនាក់ទំនង ខណៈពេលដែលពិភពលោកកំពុងជួបភាពតាន់តឹងដោយសារសង្គ្រាមរវាងរុស្ស៊ី និង អ៊ុយក្រែន។

ក្នុងជំនួបតាមទូរស័ព្ទនោះ មេដឹកនាំទាំងពីរ បានពិភាក្សាគ្នាអំពីទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយក្នុងនោះក៏បានរំលឹកអំពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងចិនផងដែរ។

ប្រធានាធិបតីចិន បានលើកឡើងថា បច្ចុប្បន្នកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន បានចូលជាធរមាន ដូច្នេះ ចិននឹងនាំចូលអង្ករឱ្យបានកាន់តែច្រើនជាងមុន ព្រមទាំងផលិតផលកសិកម្មមួយចំនួនទៀត ដូចជាផ្លែ ចេក ស្វាយ និងផ្លែមៀនជាដើម ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ឯកឧត្តមប្រធានាធិបតីចិន ក៏បានប្រកាសគាំទ្រដល់គម្រោងអភិវឌ្ឍទាំងឡាយនៅកម្ពុជា ជាពិសេសការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធ។ឯកឧត្តមប្រធានាធិបតីចិន ក៏បានប្រកាសផ្តល់ជំនួយជាថ្មីនូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២០លានដូស។ ក្នុងចំណោម ២០លានដូសនេះ ៥លានដូស នឹងមកដល់កម្ពុជា នៅចុងខែមីនា ឆ្នាំ២០២២នេះ។

ឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជិនពីង បានប្រកាសធ្វើការរួមគ្នាជាមួយកម្ពុជា ក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជានាពេលខាងមុខផងដែរ។ ឯកឧត្តម ស៊ី ជិនពីង ក៏បានមានប្រសាសន៍ជំរុញបង្កើតជើងហោះហើររវាងប្រទេសទាំងពីរ។ ពាក់ព័ន្ធបញ្ហាអាស៊ាន-ចិន វិញ ដោយសារតែអាស៊ាន និងចិន ទើបនឹងដំឡើងកម្រិតទំនាក់ទំនងរបស់ខ្លួន ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ២០២១នោះ ឯកឧត្តមប្រធានាធិបតីចិន បានប្រកាសគាំទ្រកម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ។ ជាពិសេសគាំទ្រតួនាទីប្រធានអាស៊ានរបស់កម្ពុជា លើបញ្ហានៅក្នុងតំបន់ និងលើពិភពលោក។

លោក ស៊ី ជិនពីង បានអញ្ជើញសម្តេច ហ៊ុន សែន ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ក្នុងពេលដែលប្រទេសចិនធូរស្បើយពីជំងឺកូវីដ-១៩។ចំណែកសម្តេច ហ៊ុន សែន បានអញ្ជើញប្រធានាធិបតីចិន មកបំពេញទស្សនកិច្ចនៅកម្ពុជាហើយថា នឹងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជា។

គួរបញ្ជាក់ថា ទំនាក់ទំនងការទូតរវាងចិន និងកម្ពុជាបានចងភ្ជាប់ជាផ្លូវការនៅខែកក្កដាឆ្នាំ១៩៥៨។ ទំនាក់ទំនងល្អរវាង កម្ពុជា-ចិន ត្រូវបានកសាងដោយ ព្រះបាទ សម្តេចព្រះនរោត្ដមសីហនុ ជាមួយនិងថ្នាក់ដឹកនាំចិនជំនាន់មុន ហើយបន្ដដោយអ្នកបន្ដវេនជំនាន់នេះ។

ក្នុងទំនាក់ទំនងប្រមាណ៦៤ឆ្នាំមកនេះ កម្ពុជា-ចិន បានឈានដល់កម្រិតថ្មីមួយទៀត ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយកសាងសហគមន៍រួមវាសនាតែមួយ ក្រោមការដឹកនាំរបស់សម្តេច និងមេដឹកនាំចិនបច្ចុប្បន្ន ហើយត្រូវបានប្រសិដ្ឋនាមថាជា «មិត្តដែកថែប»៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង