Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្តេច ហ៊ុន សែន អរគុណលោក ដូណាល់ ត្រាំ ដែលប្រយុទ្ធប្រឆាំងព័ត៌មាន ភូតកុហក លាបពណ៌

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រូបភាពសម្តេច ហ៊ុន សែន ខាងស្តាំ ហើយលោក ដូណាល់ ត្រាំ ខាងឆ្វេង។រូបភាព កាលពីកិច្ចប្រជុំអាស៊ាននៅហ្វីលីពីននាឆ្នាំ ២០១៧

ភ្នំពេញ៖ ប្រធាន​ព្រឹទ្ធសភា សម្តេច ហ៊ុន សែន នាយប់ថ្ងៃទី១៧ ខែមីនាម្សិលមិញ បានសរសេរសារនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនអមជាមួយរូបភាពចាស់ជាមួយ លោក ដូណាល់ ត្រាំ ដោយ​វាយតម្លៃខ្ពស់ចំពោះលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ដែលចេញមុខ​ដឹកនាំពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល ញុះញង់ បង្កចលាចល ភាគច្រើនជាបណ្តាញព័ត៌មាន ដែលទទួល​ថវិកាពីរដ្ឋាភិបាលអាម៉េរិក។

យោងតាមបណ្តាញសង្គម សម្តេច ហ៊ុន សែន រហ័សនាមបុរសខ្លាំងរបស់កម្ពុជា បានគូសបញ្ជាក់ថា ការសម្រេចរបស់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ លើការសម្រេចបិទ និងកាត់បន្ថយជំនួយនានាលើប្រព័ន្ធផ្សព្វផ្សាយទទួលជំនួយពីអាម៉េរិក គឺជាការរួមចំណែកដ៏ធំ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល ញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក។

បើតាមសម្តេច ហ៊ុន សែន បាន​រំលឹកថា កាលពីកិច្ចប្រជុំអាស៊ាននៅហ្វីលីពីននាឆ្នាំ ២០១៧ សម្តេចបាន​លើកឡើង​ចំពោះមុខលោកត្រាំថា ការមិនទុកលើអាម៉េរិកដោយប្រទេសមួយចំនួន វាក៏មានចំណែកចេញមកពីប្រព័ន្ធផ្សព្វផ្សាយទទួលជំនួយពីអាម៉េរិកដែលធ្វើឲ្យប្រទេសទាំងនោះយល់ច្រឡំថា ជាគោលជំហររដ្ឋាភិបាលអាម៉េរិក។

គួរបញ្ជាក់ថា ការលើកឡើងរបស់សម្តេច ហ៊ុន សែន គឺធ្វើឡើងក្រោយពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានចុះហត្ថលេខាផ្តាច់ជំនួយ និង កាត់បន្ថយរបស់សហរដ្ឋអាម៉េរិក ពីទីភ្នាក់ងារសហរដ្ឋអាម៉េរិក សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកលហៅកាត់ USAGM ដែលជាភ្នាក់ងារដ៏ធំសម្រាប់ផ្តល់ជំនួយដល់បណ្តាញព័ត៌មានរដ្ឋអាម៉េរិក Voice of America ឬ VOA វិទ្យុអាស៉ីសេរី និង វិទ្យុអឺរ៉ុបសេរី។

តែយ៉ាងណាក៏ដោយ ការសម្រេចលោកត្រាំ ក៏រងការរិះគន់យ៉ាងច្រើនផងដែរពីក្រុមអង្គការសង្គមស៊ីវិល និង ថ្នាក់ដឹកនាំរបស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់នោះថា មិនត្រឹមតែធ្វើឱ្យប្រជាជនដែលពឹងផ្អែកលើការផ្សាយបាត់បង់សិទ្ធិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការផ្តល់ផលប្រយោជន៍ដល់ សត្រូវរបស់អាម៉េរិកទាំងមូល។ពួកគេបានប្រកាសពីការតវ៉ាចំពោះសេចក្តីសម្រេចនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង