Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្តេច ហ៊ុន ម៉ាណែត បដិសេធសំណើរបង្រួម«ក្រសួងកសិកម្ម ក្រសួងធនធានទឹក និងអភិវឌ្ឍជនបទ»

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី ២០ មីនានេះ បានប្រកាសលាតត្រដាងជាសាធារណៈពីសំណើរមួយដែលស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជាបង្រួមក្រសួងចំនួន៣បញ្ចូលគ្នា ដើម្បីកាត់បន្ថយការចំណាយ និង ធ្វើការជាន់គ្នា។ប៉ុន្តែសំណើរនេះ ត្រូវបានសម្តេចបដិសេធ តែប្តូរមកវិញនូវការពង្រឹងគុណភាពការងារ ដោយផ្តោតលើទ្រឹស្តី«ពង្រឹងជាជាងពង្រីកបន្ថែម»។

ថ្លែងក្នុង“បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និង លើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ” សម្តេច ហ៊ុន ម៉ាណែត បានលើកយកពីបទពិសោធន៍នៅបរទេសក្នុងរយៈពេលជាង១ខែ ក្រោមការដឹកនាំដោយប្រធានាធិបតីថ្មី អាម៉េរិក បានកាត់មន្រ្ដីរាជការចេញជាង២០ម៉ឺននាក់ ដឹកនាំដោយលោក Elon Musk រដ្ឋមន្រ្តីក្រសួង ប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដើម្បីពង្រឹងការដឹកនាំរដ្ឋបាលសាធារណៈរបស់គេ និងបទពិសោធន៍ប្រទេសទេសជាច្រើនទៀតបូករួមទាំងវៀតណាមក្បែរខាងកម្ពុជាផង។

បើតាមសម្តេច នៅកម្ពុជាមិនមានផែនការកាន់បន្ថយមន្ត្រី ឬពង្រួមក្រសួងស្ថាប័ននោះទេ ពោលគឺកម្ពុជាមានការអនុវត្តវិធីសាស្រ្ដផ្សេង ដើម្បីដឹកនាំឱ្យវិស័យមុខងារនេះមានប្រសិទ្ធភាព គឺអនុវត្តអភិក្រម «ពង្រឹងជាជាងពង្រីក» គឺមិនឱ្យមានការពង្រីកចំនួនមន្រ្ដីរាជការដែលមិនចាំបាច់ឡើយ។

ជាមួយគ្នានោះ សម្តេច ហ៊ុន ម៉ាណែត ក៏បានលាតត្រដាងពីសំណើរមួយក្នុងពេលសម្តេចចុះទៅទស្សនកិច្ចក្នុងខេត្តកំពង់ធំ ដែលចង់បង្រួមក្រសួងចំនួន៣បញ្ចូលគ្នាទៅជាក្រសួងតែមួយ ក្នុងនោះមានជាអាទិ៍ ក្រសួងកសិកម្ម ក្រសួងធនធានទឹក និង ក្រសួងអភិវឌ្ឍជនបទ។តែយ៉ាងណាសម្តេច ហ៊ុន ម៉ាណែត នៅតែព្រមានអនុវត្តកាត់បន្ថយមន្ត្រី ឬបង្រួម ក្នុងករណីចាំបាច់ណាមួយ។

គួរបញ្ជាក់ថា បច្ចុប្បន្នមន្ត្រីរាជការស៊ីវិលរបស់កម្ពុជានៅទូទាំងប្រទេស មានចំនួនសរុប ២៣២,០៣៤ នាក់ (ស្ត្រី ៩៦,៩៦៩នាក់) ស្មើនឹង ១០០% ក្នុងនោះ ថ្នាក់ជាតិ ៥៤,៥៨៥នាក់ (ស្រី ១៦,៦៧៦នាក់) ស្មើនឹង ២៣.៥២% និងថ្នាក់ក្រោមជាតិ ១៧៧,៨៤៩នាក់ (ស្ត្រី ៨១,៣១២នាក់) ស្មើ និង ៧៦.៥៣%។ នេះបើយោងតាមរបាយការណ៍ក្រសួងមុខងារសាធារណៈ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង