
ភ្នំពេញ៖ នាវាចម្បាំងរបស់ប្រទេសជប៉ុននឹងចូលមកដែនទឹកកម្ពុជា ក្នុងមូលដ្ឋានកងទ័ពជើងទឹករាមនៃខេត្តព្រះសីហនុ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។នេះបើយោងតាម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ ជាអ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងប្រាប់ ស៊ីស៊ីថាមស៍ នៅថ្ងៃទី ១ ខែមេសានេះ។
យោងតាមនាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ នាវាចម្បាំងរបស់ប្រទេសជប៉ុននឹងចូលមកដែនទឹកកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ការមកដល់នេះ បាននាំឱ្យជប៉ុននឹងក្លាយជាប្រទេសដំបូងបង្អស់ដែលកម្ពុជាអនុញ្ញាតឲ្យមាននាវាចូល«មូលដ្ឋានកងទ័ពរាម»ដែលត្រូវបានធ្វើទំនើបកម្ម ដោយកងទ័ពចិន។
ត្រង់ចំណុចនេះ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ ធ្លាប់បានពន្យល់ប្រាប់ ស៊ីស៊ីថាមស៍ ថា ការដែលប្រទេសកម្ពុជាសម្រេចឱ្យនាវាចម្បាំងរបស់ប្រទេសជប៉ុនចូលចតមុនគេ អាចដោយសារជប៉ុនបានដាក់សំណើរមករាជរដ្ឋាភិបាលកម្ពុជាបានមុនគេ។
កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងរៀបចំសម្ពោធ«មូលដ្ឋានកងទ័ពជើងទឹករាម»នៅថ្ងៃទី២ ខែមេសា ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ប៉ុន្តែគម្រោងនេះ ត្រូវបានប្រកាសលើកពេលវិញ ដោយរហូតមកដល់ពេលនេះ គេមិនទាន់ដឹងនៅឡើយទេថា តើការសម្ពោធនឹងធ្វើឡើងនៅថ្ងៃណាឡើយ។
ជាការកត់សម្គាល់ «មូលដ្ឋានកងទ័ពជើងទឹករាម»របស់កម្ពុជា បានក្លាយជាបញ្ហាចម្រូងចម្រាសមួយ ដោយសារមានការចោទប្រកាន់ពីសហរដ្ឋអាម៉េរិកនឹងប្រើប្រាស់មូលដ្ឋាននេះ សម្រាប់ពង្រីកអំណាចរបស់ខ្លួន។ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាច្រានចោល។
ថ្លែងក្នុងពិធី «អបអរសាទរខួបអនុស្សាវរីយ៍ ២៥ ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ» សម្តេច ហ៊ុន ម៉ាណែត បានអះអាងថា ការអភិវឌ្ឍ មូលដ្ឋានកងទ័ពជើងទឹករាម»គោលបំណងនៃការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹក និង បង្កើនសមត្ថភាពកម្លាំងយោធា គឺដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ហើយគ្មានបំណងរំលោភបំពាន ឬឈ្លានពានប្រទេសណាទេ។
បន្ថែមពីនេះ សម្តេច ហ៊ុន ម៉ាណែត បានប្រកាសថា មូលដ្ឋានទ័ពជើងទឹករាម នឹងមិនអនុញ្ញាតអោយមានមូលដ្ឋានកងទ័ពបរទេសទេ ដែលនេះស្របតាមការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរក្សាអធិបតេយ្យភាព និងឯករាជ្យភាពរបស់ខ្លួន។ ដោយសង្កត់ធ្ងន់លើការការពារមូលដ្ឋានទ័ពជើងទឹក និងកងកម្លាំងទ័ពរបស់កម្ពុជា ឯកឧត្តមបណ្ឌិតមានគោលបំណងកាត់បន្ថយការព្រួយបារម្ភទាក់ទងនឹងចេតនាឈ្លានពានផ្សេងៗ។៕