
ភ្នំពេញ៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារនៅមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានដំណើរទេស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងការបញ្ចប់អំពើហិង្សានៅទីនោះ។
ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ១៧ ខែកុម្ភៈ បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលោក ប្រាក់ សុខុន បានថ្លែងថា គម្រោងបំពេញទស្សនកិច្ចនេះ គឺធ្វើយ៉ាងណា ដើម្បីបានជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ ប៉ុន្តែមិនគ្រប់ភាគីទាំងអស់នោះទេ ដោយក្នុងនោះលោកនឹងស្នើសុំជួបជាមួយមេដឹកនាំយោធាលោក មីន អ៊ុងឡាំង (Min Aung Hlaing) និង រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក វុនណា ម៉ោងលីន (Wu-nna Maung Lwin) និងឥស្សរជនផ្សេងៗទៀតដែលខាងទីក្រុងណៃពិដោនឹងរៀបចំសម្រួលឱ្យជួប៕
