
អឺរ៉ុប៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃពុធថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នឹងមិនបញ្ជូនកងទ័ពជើងគោក និងមិនបង្កើតតំបន់ហាមឃាត់ការហោះហើរក្នុងប្រទេសអ៊ុយក្រែនឡើយ។ ដោយ នេះជាការបដិសេធសំណើម្តងហើយម្តងទៀតរបស់អ៊ុយក្រែន ដែលធ្វើឡើងកាលពីថ្ងៃពុធ នៅក្នុងសេចក្តីប្រកាសចុងក្រោយដោយសម្ព័ន្ធមិត្តយោធា។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានធ្វើសំណើម្តងហើយម្តងទៀតទៅកាន់អង្គការណាតូសម្រាប់ការដាក់ពង្រាយកងទ័ពសម្ព័ន្ធមិត្ត និងការបង្កើតតំបន់គ្មានការហោះហើរនៅក្នុងប្រទេស ដែលរហូតមកដល់ពេលនេះទាំងអស់ត្រូវបានច្រានចោល។
លោក Zelendsky បានទទួលស្គាល់កាលពីថ្ងៃអង្គារថា អ៊ុយក្រែនគួរតែទទួលយកការពិតដែលថាខ្លួននឹងមិនក្លាយជាសមាជិកណាតូទេ។
ខណៈប្រមុខការពារជាតិនៃប្រទេសសមាជិកណាតូបានប្រមូលផ្តុំគ្នានៅក្រុងប្រ៊ុចសែលកាលពីថ្ងៃពុធដើម្បីនិយាយអំពីបញ្ហាវិបត្តិអ៊ុយក្រែន។
លោក Stoltenberg បាននិយាយបន្ទាប់ពីកិច្ចប្រជុំនេះថា ការឯកភាពគ្នាត្រូវបានសម្រេចលើការផ្តល់ការគាំទ្របន្ថែមទៀតដល់អ៊ុយក្រែន និងបន្ថែមការដាក់ពង្រាយយោធានៅតាមបណ្តាប្រទេសជាសមាជិកនៅជិតប្រទេសរុស្ស៊ី និងអ៊ុយក្រែន៕