Yearendyearend1140x150

កម្ពុជាប្រកាសបត់បែនតាមកាលបរិច្ឆេទនៃកិច្ចប្រជុំ«អាស៊ាន-អាម៉េរិក»

នយោបាយ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្ងៃទី១០ ខែមីនា បានប្រកាសថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក បានស្នើឡើងដោយសហរដ្ឋអាម៉េរិក ត្រូវបានពន្យាពេល បើទោះបីជាប្រទេសឥណ្ឌូនេស៊ី បានជួយក្នុងការសម្របសម្រួលស្វែងរកកាលបរិច្ឆេទមួយ ដែលអាចទទួលយកបានដោយថ្នាក់ដឹកនាំទាំងអស់ក៏ដោយ។កម្ពុជាប្រកាសបត់បែនតាមកាលបរិច្ឆេទនៃកិច្ចប្រជុំ«អាស៊ាន-អាម៉េរិក»។

លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បច្ចុប្បន្ន ឥណ្ឌូនេស៊ីគឺជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងសហរដ្ឋអាមេរិក។ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកបានស្នើឡើងដោយសហរដ្ឋអាមេរិក ហើយត្រូវបានឯកភាពដោយថ្នាក់ដឹកនាំកំពូលអាស៊ាន។ កាលបរិច្ឆេទបានស្នើឡើងសម្រាប់កិច្ចប្រជុំកំពូល ហើយឥណ្ឌូនេស៊ីបានខិតខំអស់ពីសមត្ថភាពក្នុងការសម្របសម្រួលដើម្បីស្វែងរកកាលបរិច្ឆេទមួយដែលអាចទទួលយកបានដោយថ្នាក់ដឹកនាំទាំងអស់។

បើតាមលោក ជុំ សុន្ទរី គួរអោយសោកស្តាយ កាលបរិច្ឆេទដែលបានស្នើឡើងគឺមិនសមស្របសម្រាប់ថ្នាក់ដឹកនាំដោយសារភាពជាប់រវល់ច្រើនរបស់ថ្នាក់ដឹកនាំ។ ដោយហេតុនេះហើយ ភាគីទាំងសងខាង អាស៊ាននិងសហរដ្ឋអាមេរិកបានសម្រេចលើកពេលកិច្ចប្រជុំកំពូលនេះ និងបន្តធ្វើការដើម្បីស្វែងរកកាលបរិច្ឆេទ ដែលសមស្របសម្រាប់ភាគីទាំងសងខាង។

លោក ជុំ សុន្ទរី សង្កត់ធ្ងន់ថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន គឺប្រកាន់ភាពបត់បែនទៅលើកាលបរិច្ឆេទដែលបានស្នើឡើង និងបានធ្វើការសម្របសម្រួលជាពិសេសទៅលើរបៀបវារៈនៅក្នុងប្រទេស ដើម្បីបំពេញកាតព្វរបស់ខ្លួនក្នុងតំបន់ និងអន្តរជាតិ។ ប៉ុន្តែដើម្បីភាពសមស្រប និងលទ្ធភាពចូលរួមរបស់ថ្នាក់ដឹកនាំ កម្ពុជាបានឯកភាពជាមួយប្រទេសសមាជិកអាស៊ានក្នុងការលើកពេលកិច្ចប្រជុំនេះ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន បានប្រកាសពីការមិនអាចអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាម៉េរិក បានទេនៅក្នុងកំឡុងខែឧសភា និងពាក់កណ្តាលខែមិថុនា ឆ្នាំ២០២២នេះ។ការប្រកាសរបស់សម្តេច ហ៊ុន សែនយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបលើដីជនបទ។

បើតាមសម្តេច ហ៊ុន សែន ប្រសិនបើកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិកនៅតែបន្តអូសបន្លាយរហូតដល់ខែ៥ (ឧសភា) និងពាក់កណ្តាលខែ៦ (មិថុនា) សម្តេច ហ៊ុន សែន មិនអាចចេញប្រជុំនៅក្រៅប្រទេសបានទេ ដោយសារកម្ពុជាត្រូវរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។ដូច្នេះនាយករដ្ឋមន្ត្រីមិនអាចចាកចេញពីប្រទេសបានទេ។

ប្រធានាធិបតីអាម៉េរិកលោក ចូបៃឌិននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលពិសេសអាមេ៉រិក-អាស៊ាន នៅទីក្រុងវ៉ាស៊ីនតោន នៅចុងខែមីនា ឆ្នាំ២០២២ខាងមុខនេះ ដែលជាឱកាសសម្រាប់សហរដ្ឋអាមេ៉រិក ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអាស៊ាន និង ដើម្បីរំលឹកខួបលើកទី ៤៥ នៃទំនាក់ទំនងអាម៉េរិក-អាស៊ាន។នេះបើយោងតាមសេចក្តីប្រកាសរបស់សេតវិមាន នៅថ្ងៃទី ២៨ កុម្ភៈ។

អ្នកនាំពាក្យសេតវិមានលោក Pasaki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "អាទិភាពរបស់រដ្ឋបាល Biden-Harris គឺដើម្បីក្លាយជាដៃគូដ៏រឹងមាំ គួរឱ្យទុកចិត្ត និងពង្រឹងភាពរឹងមាំ និងឯកភាពរបស់អាស៊ាន ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនៃពេលវេលារបស់យើង"។

ប្រធានាធិបតីអាម៉េរិក លោកចូបៃឌិន ធ្លាប់បានចូលរួមក្នុងកិច្ចប្រជុំកំពូលនៅខែតុលា ឆ្នាំ២០២១ ជាកន្លែងដែលលោកបានប្រកាសផ្តល់ថវិកាជាង១០០ លានដុល្លារក្នុងការចំណាយថ្មីរបស់សហរដ្ឋអាម៉េរិកនៅក្នុងបណ្តាប្រទេសអាស៊ានលើកម្មវិធីសុខភាព គំនិតផ្តួចផ្តើមអាកាសធាតុថ្មី កម្មវិធីដើម្បីជួយដល់ការស្តារសេដ្ឋកិច្ចពីជំងឺរាតត្បាត និងកម្មវិធីអប់រំ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង