ភ្នំពេញ៖ ពិធីបើកជាផ្លូវការ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ បានចាប់ផ្តើមជាផ្លូវការជាមួយនឹងវគ្គជម្រុះជុំទី១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ និងថ្ងៃ២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២២ មានបេក្ខជន បេក្ខនារីតំណាង ៣២ វិទ្យាល័យ មកពីរាជធានី ខេត្តទាំង២៥ ចូលរួមធ្វើការប្រកួតជម្រុះយក ១៦ វិទ្យាល័យ ដើម្បីបន្តទៅវគ្គបន្ទាប់។
កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ រៀបចំឡើងក្នុងគោលបំណងជំរុញ និងបណ្តុះយុវសិស្សឱ្យមានបំណិនស្រាវជ្រាវ ការនិយាយជាសាធារណៈ ការវិភាគបែបស៊ីជម្រៅ ការបញ្ចេញមតិប្រកបដោយមូលដ្ឋានព័ត៌មានច្បាស់លាស់ និងបំណិនឌីជីថល៕