ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី ១៣ កុម្ភៈនេះ បានចេញសេចក្តីណែនាំក្រើនរំលឹកពីការពង្រឹងការអនុវត្តនីតិវិធីស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលជំងឺកូវីដ១៩ នៅតាមផ្ទះ។ការចេញនូវសេចក្តីក្រើនរំលឹកនេះ ធ្វើឡើងក្រោយពីប្រជាពលរដ្ឋមួយចំនួន បានធ្វើតេស្តរហ័សដោយខ្លួនឯងរកឃើញវិជ្ជមានកូវីដ-១៩ និងបានអនុវត្តធ្វើការព្យាបាលនៅតាមផ្ទះមានការកើនឡើងជាបន្តបន្ទាប់។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ នូវចំនួនអ្នកឆ្លងអូមីក្រុង ហើយវីរុសអូមីក្រុងនេះ ក៏កំពុងតែចរាចរយ៉ាងសកម្ម នៅក្នុងសហគមន៍។ក្រសួងសុខាភិបាលសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួន បានធ្វើតេស្តរហ័សដោយខ្លួនឯងរកឃើញវិជ្ជមានកូវីដ-១៩ និង បានអនុវត្តធ្វើការព្យាបាលនៅតាមផ្ទះ សម្រាប់អ្នកជំងឺស្រាលៗមិនមានរោគសញ្ញាធ្ងន់ធ្ងរ។
តែយ៉ាងណា ក្រសួងបានតម្រូវឱ្យមានវិធានការសុខាភិបាលចាំបាច់ និង លក្ខខណ្ឌមួយចំនួន ដែលត្រូវគោរពប្រតិបត្តិជាប្រចាំដោយតម្រូវឱ្យស្នាក់នៅដាច់ដោយឡែកនៅទីតាំង ដែលមានអនាម័យ និងមានចរន្តខ្យល់ចេញ-ចូលល្អ លើកទឹកចិត្តឱ្យប្រើឱសថព្យាបាលតាមរោគសញ្ញា តាមការចាំបាច់ និង/ឬប្រើឱសថប្រឆាំងវីរុស ដូចជាម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០មីលីក្រាម (Molnupiravir Capsules 200mg) ជាដើម។
បើតាមក្រសួងសុខាភិបាល ថ្នាំនេះលេបម្ដង ៤គ្រាប់ (កម្រិត២០០មីលីក្រាម ក្នុងមួយគ្រាប់) លេបរៀងរាល់១២ម៉ោងម្តង សម្រាប់រយៈពេល ៥ថ្ងៃ ជាប់គ្នាជាបន្តបន្ទាប់។ គួរប្រើឱសថម៉ូលនូពីរ៉ាវា (Molnupiravir) នេះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឃើញវិជ្ជមាន និង ត្រូវពិសារទឹកឱ្យបានគ្រប់គ្រាន់ពី២-៣លីត្រ ក្នុង១ថ្ងៃ។
ក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ឬគ្មានរោគសញ្ញា ដែលធ្វើការព្យាបាលនៅតាមផ្ទះ ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នៅថ្ងៃទី៧ ប្រសិនបើគ្មានរោគសញ្ញារយៈពេល៣ថ្ងៃចុងក្រោយ (ថ្ងៃទី៥, ៦ និង៧)។ ក្នុងករណីទទួលបានលទ្ធផលតេស្រហ័សអវិជ្ជមាន អនុញ្ញាតឱ្យបញ្ចប់ការព្យាបាលដោយខ្លួនឯង។ ប្រសិនបើលទ្ធផលតេស្តរហ័សវិជ្ជមាន ត្រូវធ្វើតេស្តរហ័សម្តងទៀតក្នុងគម្លាត៤៨ម៉ោងពីគ្នា រហូតដល់ទទួលបានលទ្ធផលតេស្តរហ័សអវិជ្ជមាន។ ចំពោះអ្នកដែលបានចាក់ វ៉ាក់សាំងពេញលេញ ពុំតម្រូវឱ្យធ្វើចត្តាឡីស័កក្រោយបញ្ចប់ការព្យាបាលឡើយ។ ចំពោះអ្នកដែលពុំបានចាក់វ៉ាក់សាំងពេញលេញ ត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃ ក្រោយពីបញ្ចប់ការព្យាបាលនៅផ្ទះ។
ក្រសួងព្រមានថា ប្រសិនបើមិនអនុវត្តន៍ទៅតាមការណែនាំក្រើនរំលឹកនេះបានត្រឹមត្រូវ អាចប្រឈមទៅនឹងការអនុវត្តវិធានការច្បាប់នានាដែលមានជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា៕