ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) និងទីភ្នាក់ងារអភិវឌ្ឍន៍របស់ប្រទេសស៊ុយអែត (SIDA) បានផ្តល់ជំនួយឥណទានសហគមន៍ព្រៃឈើ (RECOFTC) ដែលប្រតិបត្តិការនៅក្នុងខេត្តចំនួនបួន គឺខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង ដើម្បីធានាការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព និងផ្តល់ប្រាក់កម្ចីដោយមានការប្រាក់ដល់ពលរដ្ឋ ដើម្បីប្រើប្រាស់ក្នុងសកម្មភាពកសិកម្ម។
លោក កៅ វុត្ថា អ្នកសម្របសម្រួលសហគមន៍ព្រៃឈើប្រចាំខេត្ត បានថ្លែងថា គម្រោង«ឥណទានសហគមន៍ព្រៃឈើ»មានគោលបំណងគាំទ្រដល់សហគមន៍ព្រៃឈើ ដើម្បីធានាការគ្រប់គ្រងព្រៃឈើ និងផ្តល់ប្រាក់កម្ចីដោយមានការប្រាក់ដល់ពលរដ្ឋ ដើម្បីប្រើប្រាស់ក្នុងសកម្មភាពកសិកម្ម ដូចជាការទិញជី និងការផ្តល់ចំណីដល់មាន់ និងទាដោយការប្រាក់ទាប ដោយមិនតម្រូវឱ្យបញ្ចាំទ្រព្យសម្បត្តិ ហើយប្រហែលមួយភាគបួននៃប្រាក់ចំនេញទាំងនោះត្រូវបានបែងចែកសម្រាប់គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីការពារព្រៃឈើសហគមន៍។
បើតាមលោក កៅ វុត្ថា បានឲ្យដឹងថា គោលដៅរបស់ RECOFTC គឺគាំទ្រដល់សហគមន៍ព្រៃឈើ ធ្វើយ៉ាងណាអោយការគ្រប់គ្រងព្រៃឈើរបស់ពួកគាត់មាននិរន្តរភាព ដោយ ROCOFTC បានលើកយកឥណទានព្រៃឈើនេះឡើងក្នុងគោលបំណងយកការប្រាក់ពីប្រជាជនដែលបានខ្ចីយកមកធ្វើជាដើមទុនក្នុងការអភិរក្សព្រៃឈើ។
លោក សៀង វិញ ជាលេខាសហគមន៍ព្រៃឈើ បានបញ្ជាក់ថា ៣៥%នៃអត្រាការប្រាក់គឺយកទៅសម្រាប់ការអភិរក្សព្រៃសហគមន៍ ក្នុងគោលបំណងការពារកុំឱ្យជនល្មើសកាប់បំផ្លាញព្រៃឈើ។ ក្នុងការល្បាតព្រៃគឺមានគណកម្មា និងប្រជាពលរដ្ឋ រួមសហការគ្នា។ ហើយការចំណាយក្នុងការល្បាតគឺមិនទៀតទាន់ទេ ពេលខ្លះម្នាក់២.៥$ ពេលខ្លះ ២.៥$ ចែកគ្នាពីរនាក់សម្រាប់សាំង និងទិញអាហារសម្រាប់ដើរល្បាត។
លោក សៀង វិញ បានបន្តថា ចាប់តាំងពីមានឥណទានសហគមន៍ព្រៃឈើមក ប្រជាជនហាក់ដូចជាមានការយល់ដឹងច្រើនអំពីការការពារព្រៃឈើ ហើយប្រជាជនមានភាពងាយស្រួលក្នុងការសម្រួលដល់ជីវភាពតាមរយៈការខ្ចីប្រាក់ពីឥណទានសហគមន៍ព្រៃឈើ ដោយមិនបាច់ដាក់បញ្ជាំប្លង់ដីចម្ការ។ ពលរដ្ឋចាប់ផ្តើមចូលរួមការពារព្រៃសហគមន៍ ព្រោះព្រៃសហគមន៍បានផ្តល់ប្រយោជន៍ដល់ពលរដ្ឋច្រើន៕