Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ក្រសួងបរិស្ថាន៖«គុណភាពខ្យល់»នៅកម្ពុជាធ្លាក់ចុះជាហានិភ័យប៉ះពាល់ដល់សុខភាព

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន។រូបភាព៖ក្រសួងបរិស្ថាន

ភ្នំពេញ៖ ក្រសួងបរិស្ថានកម្ពុជា បានចេញសេចក្តីណែនាំដាក់វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ដើម្បីធានាគុណភាពខ្យល់ឱ្យបានល្អប្រសើរ។ការចេញនេះ ធ្វើឡើងក្រោយពីក្រសួងពិនិត្យឃើញថា គុណភាពខ្យល់មានការធ្លាក់ចុះជាពិសេសកំហាប់ប៉ារ៉ាម៉ែត្រភាគល្អិតនិចល PM10 និង PM2.5 អាចមានកើនឡើងលើសកម្រិតស្តង់ដានៅបណ្តាខេត្តមួយចំនួន ដែលជាហានិភ័យបង្កផលប៉ះពាល់ចំពោះ សុខភាព ប្រជាពលរដ្ឋ និងបរិស្ថាន។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន បានពន្យល់ថា ប្រភព និងសកម្មភាពសំខាន់ៗ ដែលជាហេតុបង្កឱ្យគុណភាពខ្យល់ធ្លាក់ចុះ គឺដោយសារមានការកើនឡើងរួមមាន ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាស៊ូត ពីចំហេះឥន្ធនៈផ្សេងៗ ពិសេសភ្លើងឆេះព្រៃ ការដុតវាលស្មៅ ការដុតសំណល់កសិកម្ម ការដុតរានព្រៃ ការដុតគល់ជញ្រ្ជាំង ការដុតសំរាមសំណល់រឹងនៅទីចំហ និងការឆេះសំណល់ទីលានចាក់សំណល់ ព្រមទាំងការហុយធូលីពីការដ្ឋានសំណង់ជាដើម។ 

បើតាមអ្នកនាំពាក្យរូបនេះ បានអះអាងថាដើម្បីកែលម្អគុណ ភាពខ្យល់នៅតាមរាជធានី ខេត្ត ក្រសួងបរិស្ថាន បានណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិនិងមន្ទីរបរិស្ថានរាជធានី ខេត្ត នូវ វិធានការ មួយចំនួនដូចខាងក្រោម៖ ១. ត្រូវចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ និងការដុតសំរាម សំណល់រឹងនៅតាមទីចំហ ការឆេះ នៅតាមទីលានចាក់សំណល់។ ២. ត្រូវចាត់វិធានការទប់ស្កាត់ការហុយធូលីពីការដ្ឋានសំណង់ និងការដា្ឋនកែលម្អហេដ្ឋារចនា សម្ព័ន្ធនិងធូលីហុយនៅតាមដងផ្លូវ។ ៣. ការធ្វើសម្អាត អនាម័យនៅតាមដងផ្លូវ និងទីសាធារណៈ និង៤. អប់រំប្រជាពលរដ្ឋកុំឱ្យដុតសំរាម សំណល់រឹង ការដុតស្មៅ គល់ជញ្រ្ជាំង និងសំណល់ កសិកម្ម ផ្សេងៗទៀត។

គួរបញ្ជាក់ថា ការបំពុលខ្យល់កំពុងក្លាយជាបញ្ហាប្រឈមផ្នែកបរិស្ថាននៅក្នុងតំបន់ និង ពិភពលោក ដែលផលប៉ះពាល់ពីការបំពុលខ្យល់មានលក្ខណៈធំធេង ដោយសារ តែសារធាតុបំពុលខ្យល់អាចសាយភាយបានឆ្ងាយ បង្កឱ្យមានការបំពុលឆ្លងដែន រួមផ្សំនឹងឥទ្ធិពលពីកត្តាអាកាសធាតុ និងភូមិសាស្ត្រ បានធ្វើឱ្យការបំពុលខ្យល់ក្លាយជាបញ្ហាប្រឈមចំពោះសុខភាព ដែលទាមទារឱ្យគ្រប់ប្រទេសទាំងអស់មានការយកចិត្តទុក ដាក់ខ្ពស់លើបញ្ហាបំពុលខ្យល់ ប្រភពនៃការបំពុលខ្យល់មានការកើនឡើងជាលំដាប់នូវមធ្យោបាយធ្វើដំណើរការប្រើប្រាស់ថាមពលក្នុងដំណើរការផលិតកម្ម សេវាកម្ម និងលំនៅឋាន និងការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធនិងសំណង់ បណ្តាលឱ្យមានកំណើននៃការបញ្ចេញឧស្ម័នបំពុលបរិយាកាស។ 

ក្រសួងបរិស្ថានបានចេញផ្សាយផែនការខ្យល់ស្អាតកម្ពុជា ដែលជាឯកសារយុទ្ធសាស្រ្តជាតិសំដៅកំណត់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលខ្យល់នៅប្រទេសកម្ពុជា។កម្ពុជាក៏ដូចនឹងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតដែរ ការកើនឡើងជាលំដាប់នូវមធ្យោបាយធ្វើដំណើរ ការប្រើប្រាស់ថាមពលក្នុងដំណើរការផលិតកម្ម សេវាកម្ម និងលំនៅឋាន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសំណង់ បណ្តាលឱ្យមានកំណើននៃការបញ្ចេញឧស្ម័នបំពុលបរិយាកាសនៅកម្ពុជា។ 

ជាក់ស្តែងបើយោងតាមទិន្នន័យតាមដានគុណភាពខ្យល់របស់ក្រសួងបរិស្ថាន បានបង្ហាញថា នៅទីក្រុងភ្នំពេញជារៀងរាល់ឆ្នាំកំហាប់ PM2.5 ជាមធ្យមមានកើនឡើងពី ១៣.៥៩ μg/m³ ក្នុងឆ្នាំ២០១៧ និង១៩.២៦ μg/m³ ក្នុងឆ្នាំ២០១៨ ហើយវាបានកើនឡើងដល់ ២១.១២ μg/m³ ក្នុងឆ្នាំ២០១៩៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង