
ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំនៅភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី ៦ ខែឧសភា ដល់ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ ដើម្បីរំលឹកខួបលើកទី ៥០ នៃការដួលរលំទីក្រុងភ្នំពេញទៅក្នុងកណ្ដាប់ដៃខ្មែរក្រហម កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥។ ស្ថានទូតរៀបចំកម្មវិធីនេះ ដើម្បីឧទ្ទិសដល់ជនរងគ្រោះ និងរក្សាការចងចាំអំពីព្រឹត្តិការណ៍ទាំងនេះ ដែលរួមបញ្ចូលកម្មវិធីពិព័រណ៍ ពិធីរំលឹកវិញ្ញាណក្ខន្ធ និងការបញ្ចាំងភាពយន្ត។
យោងតាមសេចក្តីប្រកាសព័ត៌មាននៃស្ថានទូតបារាំងបានឱ្យដឹងថា ព្រឹត្តិការណ៍ទាំងនេះមានគោលបំណងលើកកម្ពស់ការចងចាំដល់មនុស្សជំនាន់ក្រោយ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសបារាំងចំពោះទំនាក់ទំនងជាមួយកម្ពុជា ដែលផ្អែកលើការទទួលស្គាល់អតីតកាល ការសន្ទនា និងទំនុកចិត្ត។
ស្ថានទូតរៀបចំកម្មវិធីរំលឹកដែលនឹងចាប់ផ្តើមនៅថ្ងៃទី ៦ ខែឧសភា វេលាម៉ោង ៦:៣០ ល្ងាច ជាមួយនឹងការបើកពិព័រណ៍ «ប្រឈមមុខនឹងខ្មែរក្រហម - ស្ថានទូតបារាំងជាប់ក្នុងការដួលរលំទីក្រុងភ្នំពេញ (ថ្ងៃទី ១៧ មេសា - ៨ ឧសភា ១៩៧៥)» នៅវិទ្យាស្ថានបារាំងនៅកម្ពុជា។ ពិព័រណ៍នេះនឹងបើកឱ្យសាធារណជនចូលទស្សនាដោយសេរីរហូតដល់ថ្ងៃទី ២២ ខែសីហា ហើយជាកិច្ចសហការរៀបចំរវាងស្ថានទូតបារាំង និងវិទ្យាស្ថានបារាំង។
បើតាមប្រភពដដែល ស្ថានទូតនឹងរៀបចំវេទិកាពិភាក្សាជាមួយសាធារណជននឹងប្រព្រឹត្តទៅ នៅថ្ងៃពុធ ទី ៧ ខែឧសភា វេលាម៉ោង ៦:៣០ ល្ងាច នៅវិទ្យាស្ថានបារាំង ដោយមានវាគ្មិនពីររូប ដែលជាសាក្សីផ្ទាល់ភ្នែកនៃការដួលរលំទីក្រុងភ្នំពេញគឺ លោក ហ្វ្រង់ស័រ ប៊ីហ្សូ (François Bizot) ដែលជាអ្នកជំនាញខាងពន្ធុវិទ្យា និងជាអ្នកនិពន្ធជនជាតិបារាំង និងលោក រ៉ូឡង់ ណឺវ៉ឺ (Roland Neveu) ដែលជាអ្នកថតរូបសារព័ត៌មាន។ ចំណែកឯនៅថ្ងៃទី ៨ ខែឧសភា ស្ថានទូតបារាំងនឹងរៀបចំពិធីរំលឹក និងឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់អ្នកដែលបានមកស្វែងរកការជ្រកកោននៅក្នុងស្ថានទូតបារាំង ក៏ដូចជាជនរងគ្រោះទាំងអស់ ដោយមានការចូលរួមពីអ្នករស់រានមានជីវិត សាក្សី តំណាងសង្គមស៊ីវិល តំណាងអាជ្ញាធរកម្ពុជា និងអង្គទូត ។
បន្ថែមពីនេះ វិទ្យាស្ថានបារាំងនៅកម្ពុជា សហការជាមួយមជ្ឈមណ្ឌលបុប្ផាណាចាប់ពីថ្ងៃទី ១០ ខែឧសភា ក្នុងការចាក់បញ្ចាំងភាពយន្ត និងភាពយន្តឯកសារប្រមាណ ១២ រឿង ដែលផ្តោតលើប្រវត្តិសាស្ត្រប្រទេសកម្ពុជាក្រោមរបបខ្មែរក្រហម។ ស្នាដៃទាំងនេះជាស្នាដៃរបស់អ្នកផលិតភាពយន្តខ្មែរ និងបរទេស ដូចជាលោក ប៉ាន់ រិទ្ធី លោក ដាវី ជូ លោក Denis Do លោកស្រី អែនជេលីណា ជូលី (Angelina Jolie) លោក Arthur Dong និងលោក ឆាយ បូរ៉ា ដែលបង្ហាញពីការចងចាំផ្ទាល់ខ្លួន និងការចងចាំរួម អំពីអំពើហិង្សាក្នុងរបបខ្មែរក្រហម ហើយឆ្លុះបញ្ចាំងពីបញ្ហានៃការបញ្ជូនចំណេះដឹងអំពីរបបខ្មែរក្រហម និងការតស៊ូជម្នះលើការប៉ះទង្គិចផ្លូវចិត្ត។ កម្មវិធីលម្អិតមាននៅលើគេហទំព័រវិទ្យាស្ថានបារាំងនៅកម្ពុជា៖ institutfrancais-cambodge.com។
គួររំលឹកថា កាលពី ៥ ទសវត្សរ៍មុន នៅថ្ងៃដ៏សោកសៅនោះ ខណៈដែលកងកម្លាំងខ្មែរក្រហមបានចូលកាន់កាប់រាជធានីភ្នំពេញ ស្ថានទូតបានផ្តល់ជម្រកដល់ពលរដ្ឋបារាំងជាង ៥០០ នាក់ និងពលរដ្ឋប្រមាណ ១០០ នាក់មកពី ២០ ប្រទេសផ្សេងទៀត។ គេប៉ាន់ប្រមាណថា ប្រជាជនខ្មែរប្រហែល ៦០០ នាក់ក៏បានរកឃើញទីពឹងបណ្ដោះអាសន្ននៅក្នុងបរិវេណស្ថានទូតបារាំងផងដែរ។អស់រយៈពេលជាងពីរសប្តាហ៍ ទីធ្លាស្ថានទូតបានក្លាយជាទីកន្លែងហ៊ុំព័ទ្ធមួយ មុននឹងឈានទៅរកជោគវាសនាដ៏សោកសង្រេង។ ពលរដ្ឋខ្មែរត្រូវបានបង្ខំឱ្យចាកចេញជាបន្តបន្ទាប់ ហើយជនបរទេសត្រូវបានជម្លៀសទៅកាន់ប្រទេសថៃជាពីរក្រុមតាមក្បួនរថយន្ត នៅថ្ងៃទី ៣០ ខែមេសា និងថ្ងៃទី ៦ ខែឧសភា ឆ្នាំ ១៩៧៥៕