.jpg?1750153712)
ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកយកធ្លាគម្លាតនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន និងបែបបទនៃការផ្តល់លិខិតអនុញ្ញាតសាងសង់ដោយអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីពិនិត្យ និងត្រៀមដាក់ចេញនូវវិធានការថ្មី ដើម្បីសម្រួលដល់ការងារឱ្យមានភាពប្រសើរឡើង និងបន្ថយនូវភាពស្មុគស្មាញដែលកំពុងតែកើតមាន។
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តីណែនាំស្ដីពីធ្លាគំលាតនគរូបនីយកម្មនិងការផ្ដល់លិខិតអនុញ្ញាតសាងសង់ សមត្ថកិច្ចរបស់រដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួងនាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថាទាំងនេះមិនមែនជាភារកិច្ចរបស់អគ្គនាយកដ្ឋានសំណង់តែម្នាក់ឯងនោះទេ ប៉ុន្តែត្រូវរួមឯកភាពគ្នាគ្រប់អគ្គនាយកដ្ឋានទាំងអស់ដោយចូលរួមមតិយោបល់ រួមគិត រួមទទួលខុសត្រូវ ដើម្បីអនុវត្តកិច្ចការនេះឱ្យបានល្អពីព្រោះដល់ពេលវេលាហើយដែលយើងទាំងអស់គ្នាត្រូវរឹងមាំដោយខ្លួនឯងដើម្បីជំរុញការអភិវឌ្ឍន៍ប្រទេសជាតិឱ្យឈានឆ្ពោះទៅមុខ។
លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា យើងទាំងអស់គ្នាត្រូវរៀបចំយន្តការថ្មីដើម្បីកែប្រែស្ថានភាពដែលមិនសូវល្អទាក់ទិននឹងវិស័យសំណង់ និងនគរូបនីយកម្ម ឱ្យមកល្អប្រសើរឡើងវិញ ពីព្រោះដើម្បីបង្កើតបរិយាកាសគ្មានវិវាទនៅក្នុងប្រទេសកម្ពុជាបានលុះត្រាតែយើងត្រូវចុះបញ្ជីដីធ្លីបង្ហើយនិងដោះស្រាយវិវាទសំណង់ឱ្យបានចប់សព្វគ្រប់ នោះទើបយើងអាចឈានទៅរកការផ្ដល់សេវាគាប់ចិត្តជូនប្រជាពលរដ្ឋបន្តទៀតបាន។

លោកឧបនាយករដ្ឋមន្ត្រី បានណែនាំដល់សមាជិកអង្គប្រជុំត្រូវអនុវត្តកិច្ចការរបស់ខ្លួនដោយកំណត់យន្តការធ្វើយ៉ាងណាកុំឲ្យប្រជាពលរដ្ឋមានការរងសម្ពាធ រឺមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចទទួលយករាល់គោលការណ៍ដែលត្រូវអនុវត្តទាំងនោះបាន ទាក់ទិននឹងវិស័យសំណង់និងនគរូបនីយកម្ម។
ជាមួយនេះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានជំរុញឱ្យការអនុវត្តការងាររបស់មន្ត្រីទាំងអស់ ត្រូវមានភាពវាងវៃ មាននវានុវត្តន៍ ចេះបត់បែនតាមសភាពការណ៍ និងចេះដោះស្រាយបញ្ហានានាជុំវិញខ្លួន ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានវឌ្ឍនភាពឆ្ពោះទៅមុខប្រកបដោយភាពឯករាជ្យម្ចាស់ការ។

កន្លងមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសងេ្កតឃើញថា ក្នុងការអនុវត្តអនុក្រឹតលេខ៤២ អនក្រ.បក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ ស្តីពីនគរូបនីយកម្ម រាជធានី កុ្រង និងទីប្រជុំជន អនុក្រតលេខ៧៦ អនក្រ.បក ចុះថ្ងៃទី៩ ខែមិថុនា ឆ្នំ២០១៥ ស្តីពីការកែសម្រួលមាត្រា៣០ មាត្រា៣៤ មាត្រា៣៨ មាត្រា៥០ មាត្រា៦៦ មាត្រា៧៤ និងមាត្រា៨២ នៃអនុក្រឹតលេខ៤២ អនក្រ.បក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ ស្តីពីនគរូបនីយកម្ម រាជធានី កុ្រង និងទីប្រជុំជន និងអនុក្រឹតលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់ បានជួបប្រទះការលំបាកជាច្រើន ដោយមានចំណុចមួយចំនួនពុំទាន់បានអនុវត្តឱ្យមានការឯកភាពគ្នានៅឡើយ។
ដូចនេះ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកយកធ្លាគម្លាតនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន និងបែបបទនៃការផ្តល់លិខិតអនុញ្ញាតសាងសង់ដោយអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីពិនិត្យ និងត្រៀមដាក់ចេញនូវវិធានការថ្មី ដើម្បីសម្រួលដល់ការងាររបស់យើង និងបន្ថយនូវភាពស្មុគស្មាញដែលកំពុងតែកើតមាន។
សូមគូសបញ្ជាក់ជូនផងដែរថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដាក់ចេញនូវវិធានការនៅក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីមានការឯកភាពផ្ទៃក្នុងក្រសួង៕


