Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រចេះជាប់«ជ័យលាភី»ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងអភិវឌ្ឍន៍ជនបទ

ក្រចេះ៖ ក្រចេះទទួលបានជ័យលាភី ជាខេត្តទី៏២០ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ដែលឆ្លុះបញ្ចាំងពីស្ថានភាពល្អប្រសើរនៃលក្ខខណ្ឌរស់នៅក្នុងខេត្ត-ក្រុង នៅកម្ពុជា។

ខេត្តក្រចេះ បានទទួលជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ដែលបានឆ្លុះបញ្ចាំងពីស្ថានភាពល្អប្រសើរនៃលក្ខខណ្ឌរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងបង្គន់អនាម័យ ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកជួយទ្រទ្រង់សុខភាព និងអនាម័យ ក្នុងសហគមន៍មូលដ្ឋានក្រុង ខេត្ត និងជនបទ។

បើតាមលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានឲ្យដឹងថា បច្ចុប្បន្ន ខេត្តក្រចេះមានចំនួន ២.១៨៦អណ្តូង ជួសជុលអណ្តូងស្នប់បានចំនួន ៥៣៥អណ្តូង។ ចាប់ពីឆ្នាំ២០២៤ ដល់ខែមេសា ឆ្នាំ២០២៥នេះ ខេត្តបានសាងសង់អណ្តូងទឹកថ្មីចំនួន ៤៥អណ្តូង និងស្តារស្រះសហគមន៍ចំនួន ៤៦កន្លែង ជាលទ្ធផលអត្រាគ្របដណ្តប់ទឹកស្អាតក្នុងខេត្តមាន ចំនួន៨៧%។

ការលើកកម្ពស់អនាម័យជនបទឆ្នាំ២០២៤-២០២៥ ប្រជាពលរដ្ឋសាងសង់បង្គន់អនាម័យផ្ទាល់ខ្លួនចំនួន ៨៤.៤៩១ខ្នងផ្ទះ និងប្រើប្រាស់បង្គន់រួមចំនួន ៩.៣៩១ខ្នងផ្ទះ។ ជាលទ្ធផលអត្រាគ្របដណ្តប់បង្គន់អនាម័យទូទាំងខេត្តសម្រេចមានប្រមាណ៩០% ស្មើនឹង ៩៣.៨៨២ខ្នងផ្ទះ ក្នុងនោះខ្នងផ្ទះប្រើបង្គន់រួមមានចំនួន១០% មានដាក់សាប៊ូលាងដៃចំនួន ១០០% និងមានការទុកដាក់លាមកសត្វបានល្អសមរម្យ។

បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៩,៩០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៧,៤០% និងអនាម័យ ៩២,៤០% ហើយនឹងដាក់ផែនការសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣០៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង