
ភ្នំពេញ៖ គម្រោងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក បាន នឹងកំពុងអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ គិតត្រឹមបច្ចុប្បន្ន សម្រេចបានប្រមាណ ៨០% ដើម្បីធ្វើឱ្យប្រសើរឡើងនូវការជន់លិចនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដែលគម្រោងនេះមិនបានគ្របដណ្តប់លើតំបន់មួយចំនួននៃខណ្ឌ ជ្រោយចង្វារ និងខណ្ឌច្បារអំពៅ ក្នុងជំហានដំបូង។
បើតាមរដ្ឋបាលរាជធានីភ្នំពេញ ទោះបីជាថ្មីៗនេះ មានករណីភ្លៀងធ្លាក់ខ្លាំង ដែលបានបង្ករឲ្យមានការជន់លិចនៅតំបន់បឹងទំពន់ (កម្ពស់ទឹកភ្លៀង ៨១ម.ម) តំបន់ម៉ុងឌីយ៉ាល់ (កម្ពស់ទឹកភ្លៀង ៥៣ម.ម)ក្តី ក៏ធារទឹកភ្លៀងបានហូរអស់ក្នុងរយៈពេលដ៏ខ្លី ហើយតំបន់មួយចំនួនទៀត ក្នុងខណ្ឌស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ក៏លែងលិចលង់ ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញអំពីប្រសិទ្ធភាពនៃ ការអនុវត្តគម្រោងរំដោះទឹក ក្នុងរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ បានស្នើរដល់ប្រជាពលរដ្ឋ ដែលបានតាំងទីលំនៅលើប្រឡាយ និងអាងស្តុកទឹកដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ (តំបន់អនុវត្តគម្រោង) ដែលនៅមិនទាន់ទទួលយកគោលនយោបាយពីគណៈកម្មការអន្តរក្រសួង សូមមកទទួលយកការដោះស្រាយផលប៉ះពាល់ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ដើម្បីជំរុញការអនុវត្តគម្រោង ឱ្យសម្រេចបានលទ្ធផល ១០០% តាមការគ្រោងទុក ឱ្យបានទាន់មុនរដូវវស្សាចូលមកដល់ ប្រកបដោយចក្ខុវិស័យយូរអង្វែង។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋ ចំនួន៧១៥គ្រួសារ បានយល់ព្រមទទួលយកការដោះស្រាយផលប៉ះពាល់ និងស្ម័គ្រចិត្តរុះរើសំណង់ចេញ រួមចំណែកជាមួយអាជ្ញាធរ ក្នុងការដោះស្រាយការលិចលង់នៅរាជធានីភ្នំពេញ ដែលជាប្រយោជន៍សាធារណៈរបស់ប្រជាពលរដ្ឋ ទូទាំង រាជធានីភ្នំពេញ៕
