
ភ្នំពេញ៖ សមាជិក ប.ស.ស. ជាស្រ្តីអាយុចន្លោះ ២១-៦៥ឆ្នាំ អាចមកទទួលការពិនិត្យស្វែងរក«ជំងឺមហារីកមាត់ស្បូន»បានដោយមិនគិតថ្លៃ នៅមន្ទីរពេទ្យ ហ្លួង ម៉ែ ដែលមានទីតាំងនៅ ផ្លូវលេខ១០៩ ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ វេជ្ជបណ្ឌិត តាំង ស៊ីងអ៊ីង ឯកទេសផ្នែករោគស្រ្តី នៅមន្ទីរពេទ្យហ្លួងម៉ែ លើកទឹកចិត្តឱ្យស្រ្តីកាត់់បន្ថយការខ្មាសអៀន និងមកពិនិត្យឱ្យបានទាន់ពេលវេលា ដើម្បីចៀសវាងការឈានទៅដល់ដំណាក់កាលមហារីក។

យោងតាមវេជ្ជបណ្ឌិត តាំង ស៊ីងអ៊ីង ឯកទេសផ្នែករោគស្រ្តី នៅមន្ទីរពេទ្យហ្លួងម៉ែ លើកឡើងក្នុងបទសម្ភាសជាមួយបេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា ការពិនិត្យជំងឺមហារីកមាត់ស្បូននេះ ស្រ្តីដែលមានបំណងមកពិនិត្យ ត្រូវមានអាយុ២១ដល់៦៥ឆ្នាំ ដែលមាន ប.ស.ស ធ្លាប់មានដៃគូនិងឆ្លងកាត់ការរួមភេទ។ មុនពេលមកពិនិត្យ វេជ្ជបណ្ឌិតបានលើកឡើងថា ស្រ្តីគួរមកក្រោយពេលមករដូវ ផ្អាកការនៅជាមួយដៃគូមុនមកពិនិត្យ៤៨ម៉ោង ហើយក្នុងករណីស្រ្តីមានការធ្លាក់ស នឹងតម្រូវឱ្យព្យាបាលជាមុនសិន ទើបពិនិត្យ។
វេជ្ជបណ្ឌិតរូបនេះបានរៀបរាប់ថា «ជំងឺមហារីកមាត់ស្បូននេះ» ដំបូងឡើយមិនបង្ហាញអាការៈអ្វីនោះទេ ដូចនេះ ស្រ្តីត្រូវពិនិត្យដើម្បីការពារកុំឱ្យដល់ដំណាក់កាលធ្ងន់ធ្ងរ។ កន្លងមក ប្រជាជនមិនសូវបានមកពិនិត្យដោយយល់ឃើញថាការចំណាយខ្ពស់ យ៉ាងណាមិញ បច្ចុប្បន្ននេះ ប្រជាជនដែលមាន ប.ស.ស អាចពិនិត្យជំងឺនេះដោយឥតគិតថ្លៃ ដូចនេះ វេជ្ជបណ្ឌិតរូបនេះ លើកទឹកចិត្តឱ្យស្រ្តីកាត់់បន្ថយការខ្មាសអៀន និងមកពិនិត្យឱ្យបានទាន់ពេលវេលា ដើម្បីចៀសវាងការឈានទៅដល់ដំណាក់កាលចុងក្រោយ ដែលពិបាកក្នុងការព្យាបាល។
បន្ថែមពីនេះ វេជ្ជបណ្ឌិតបានលើកឡើងថា ជាក់ស្តែងជំងឺនេះ អាចការពារបានតាមរយៈការចាក់វ៉ាក់សាំង ចាប់ពីអាយុ ៩ឆ្នាំឡើងទៅ។ យ៉ាងណាមិញ ស្រ្តីអាចតាមដានសុខភាពរបស់ខ្លួនតាមរយៈការពិនិត្យជាមួយនឹងមន្ទីរពេទ្យ ដើម្បីការពារកុំឱ្យដល់ដំណាក់កាលមហារីកមាត់ស្បូន។
គួររំលឹកថាបច្ចុប្បន្ននេះ ស្រ្តីដែលមាន ប.ស.ស អាចមកពិនិត្យជម្ងឺមហារីកមាត់ស្បូននៅមន្ទីរពេទ្យហ្លួងម៉ែ ដោយឥតគិតថ្លៃនៅ ផ្លូវលេខ១០៩ ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សម្រាប់ពត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់មន្ទីរពេទ្យហ្លួងម៉ែ តាមរយៈលេខទូរស័ព្ទ 010 228 965៕