Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជា និងអារ៉ាប៊ីសាអូឌីត ឯកភាពគ្នាពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ក្រសួងពាណិជ្ជកម្ម

ភ្នំពេញ៖ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានទទួលជួប ឯកឧត្តម សៅ អែហ្វអិម អាល់ ស៊ូវ៉េលីម (Saud F.M. Al Suwelim) ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចំាកម្ពុជា (និវេសនដ្ឋាននៅទីក្រុងហាណូយ) ដើម្បីពិភាក្សាអំពីការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យបានខ្ពស់ថែមមួយកម្រិតទៀត។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ ឯកឧត្តមឯកអគ្គរាជទូត ដែលចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម ក្នុងការពង្រឹងចំណងមិត្តភាព និងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អារ៉ាប៊ីសាអូឌីត ឱ្យទទួលបាននូវវឌ្ឍនភាពវិជ្ជមានជាច្រើនកន្លងមក។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះការស្វាគមន៍ និងបានកោតសរសើរចំពោះការរីកចម្រើនលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន។ ដើម្បីសម្រេចនូវគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ឯកឧត្តមឯកអគ្គរាជទូត បានស្នើឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំប្រទេស/ស្ថាប័នរដ្ឋ និងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក្នុងគោលបំណងស្វែងយល់ពីតម្រូវការទៅវិញទៅមក ផ្គូផ្គងដៃគូធុរកិច្ច-វិនិយោគ និងការផ្លាស់ប្តូរមុខទំនិញសក្តានុពលរវាងទីផ្សារនៃប្រទេសទាំងពីរ។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការបានគាំទ្រលើគ្រប់សំណើខាងលើ និងសង្ឃឹមថាថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត និងមានការរៀបចំជំនួបទ្វេភាគីរវាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ នាពេលខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានសំណូមពរភាគីអារ៉ាប៊ីសាអូឌីត ពិនិត្យលទ្ធភាពបង្កើតកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ក្នុងគោលបំណងបង្កើតគណៈកម្មការចម្រុះរួម ដើម្បីផ្លាស់ប្តូរយោបល់គ្នា សំដៅពង្រីកទំហំពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី។

សូមជម្រាបជូនថា ប្រទេសទាំងពីរសម្រេចបានពាណិជ្ជកម្មទ្វេភាគីក្នុងទំហំទឹកប្រាក់ ២៦លានដុល្លារ ក្នុងឆ្នាំ២០២១ កើនឡើងជិត៤០% បើធៀបនឹងឆ្នាំ២០២០ (ត្រឹមតែ១៩លានដុល្លារ) ខណៈដែលពាណិជ្ជកម្មទ្វេភាគីមានទំហំ ១៥.៦លានដុល្លារ ក្នុងឆ្នាំ២០១៩ និង ១៦លានដុល្លារ ក្នុងឆ្នាំ២០១៨។ កម្ពុជានាំចេញមុខទំនិញសំខាន់ៗ ទៅអារ៉ាប៊ីសាអូឌីតមានដូចជា អង្ករ សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើពីស្បែក និងផ្លែឈើ ដោយឡែកកម្ពុជានាំចូលមុខទំនិញសំខាន់ៗ ពីអារ៉ាប៊ីសាអូឌីតមានដូចជា ផលិតផលធ្វើពីប្លាស្ទិក អាលុយមីញ៉ូម ផ្លែឈើ ជីគីមី សម្ភារៈសំណង់ និងដទៃទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង