ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ករណីប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនមានការកើនឡើង ហើយក្នុងនោះសង្គេតឃើញថាអ្នកដែលសម្រេចចិត្តបញ្ចប់ជីវិតដោយការលោតទឹកភាគច្រើនគឺជាយុវជន។ ករណីនេះត្រូវបានអ្នកជំនាញមើលឃើញថា អ្នកដែលលោតទឹកសម្លាប់ខ្លួន គឺដោយសារយុវជនមានបញ្ហាផ្លូវចិត្ត ទាក់ទងនឹងបញ្ហាជាច្រើនដូចជា បញ្ហានៅក្នុងគ្រួសារ បញ្ហានៅក្នុងជីវិត បញ្ហាស្នេហា បញ្ហាក្នុងការសិក្សា ឬបញ្ហាផ្សេងៗ ដូចជាតម្រូវការខ្ពស់ ដូច្នេះវាជាសម្ពាធមួយ ធ្វើឲ្យមានបញ្ហាផ្លូវចិត្ត។
លោកបណ្ឌិត ឈត ប៊ុនថង ជាមន្រ្តីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កត្តាដែលជំរុញឲ្យករណីប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនមានការកើនឡើង គឺដោយសារវិបត្តិផ្លូវចិត្ត។ កត្តាក្រៅពីនេះ គឺទាក់ទងនឹងកត្តាសង្គមផ្សេងៗ ដូចជាសង្គមរស់នៅធម្មតា រវាងការបង្ហាញនៅក្នុងបណ្តាញសង្គម បានវាយប្រហារផ្លូវចិត្ត។ យុវជនបច្ចុប្បន្ននេះ ចូលចិត្តសម្ភារៈនិយមផ្សេងៗ ដោយមិនសូវបានពង្រីកការអប់រំផ្លូវចិត្ត គិតគូរពីសីលធម៌ ឬសុខភាពផ្លូវចិត្ត ហើយការពិចារណាមិនសូវហ្មត់ចត់ ដូច្នេះយុវជនធ្វើការសម្រេចចិត្តងាយៗ។
បើលោកបណ្ឌិត ឈត ប៊ុនថង បានបន្តថា ទន្ទឹមនឹងនេះ យុវជនទទួលឥទ្ធិពលពីរឿងរ៉ាវជាឃ្លីបវីដេអូ រឿងខ្លះជ្រើសរើសយកអំពើហិង្សាទៅដោះស្រាយ រឿងខ្លះជ្រើសរើសយកការសម្លាប់ខ្លួនជាដំណោះស្រាយ ដោយលោកបណ្ឌិតយល់ឃើញថា ទាំងអស់នេះជាកត្តារួមផ្សំ ហើយកត្កាដែរសំខាន់មួយទៀត យុវជនបច្ចុប្បន្នមិនសូវចូលចិត្តពិចារណាវែងឆ្ងាយ ខ្វះនូវការគិតហ្មត់ចត់ ខ្វះចំណេះដឹងផ្នែកទស្សនវិជ្ជា រួមផ្សំជាមួយនឹងយុវជនដែលមានបញ្ហាផង ដូច្នេះយុវជនងាយនឹងធ្វើការសម្រេចចិត្តដោយការសម្លាប់ខ្លួនតាមរូបភាពផ្សេងៗដែលមានការលោតទឹក ជាដើម។
ក្នុងការចូលរួមចំណែកដោះស្រាយវិបត្តិផ្លូវចិត្តដែលប្រជាពលរដ្ឋ ជាពិសេសយុវជនបានជួបប្រទះ លោកបណ្ឌិត ឈត ប៊ុនថង យល់ឃើញថា មានភាគីជាច្រើនត្រូវចូលរួមជួយដោះស្រាយ គឺភាគីសំខាន់ជាងគេ គឺ ឪពុកម្តាយ សាលារៀន ក្រសួងអប់រំ ក្រសួងសង្គមកិច្ច អ្នកសារព័ត៌មាន អ្នកជំនាញខាងផ្លូវចិត្ត ឬក្រសួងសុខាភិបាលផ្នែកផ្លូវចិត្ត ក្នុងការជួយរួមគ្នាទទួលខុសត្រូវ។ ដើម្បីឈានទៅជួយយុវជនកុំឲ្យគិតខ្លី គឺការជួយត្រូវបង្កើនការយកចិត្តទុកដាក់ ពីឪពុកម្តាយ លោកគ្រូអ្នកគ្រូ សហគមន៍ ដើម្បីតាមឃ្លាំមើលអ្នកដែលកំពុងតែមានវិបត្តិផ្លូវចិត្តជួយពួកគាត់ ផ្តល់ការប្រឹក្សាដល់គាត់ និងការព្យាបាល ក្នុងករណីភ្លាមៗ។
ចំណែកករណីយូរអង្វែង លោកបណ្ឌិតយល់ថា ត្រូវធ្វើការស្រាវជ្រាវពីមូលហេតុពិតប្រាកដដែលនាំឲ្យមនុស្សមានវិបត្តិផ្លូវចិត្ត រហូតដល់សម្រេចចិត្តសម្លាប់ខ្លួន។ ដូច្នេះត្រូវធ្វើការស្រាវជ្រាវមួយឲ្យដឹង ហើយនាំគ្នាដោះស្រាយតាមជាក់ស្តែង ថាតើភាគីពាក់ព័ន្ធត្រូវធ្វើយ៉ាងណាបន្តទៀត។ យើងត្រូវបង្កើនចំនួនអ្នកជំនាញជំងឺផ្លូវចិត្ត និងបង្កើនអ្នកទស្សនវិជ្ជា ដើម្បីជួយអប់រំសង្គម ដោយហេតុថានៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន អ្នកជំនាញពាក់ព័ន្ធជំងឺផ្លូវចិត្តមានចំនួនតិចជាងអ្នកជំនាញផ្នែកដទៃ។
បន្ថែមនេះ លោកបណ្ឌិត បានថ្លែងថា ពលរដ្ឋត្រូវតែវិនិយោគបន្ថែមទៅលើសេវាផ្លូវចិត្ត ហើយត្រូវតែគិតថា ការអប់រំផ្លូវចិត្ត ការព្យាបាលផ្លូវចិត្ត និងការថែរក្សាផ្លូវចិត្ត គឺជារឿងសំខាន់ដូចបញ្ហាដទៃទៀតដែរ។ ប្រសិនបើមនុស្សមិនបានគិតគូរទាក់ទងនឹងបញ្ហាផ្លូវចិត្តនេះទេ សង្គមជាតិនឹងខាតបង់ធនធានមនុស្ស ដោយការសម្រេចចិត្តសម្លាប់ខ្លួនតាមរូបភាពផ្សេងៗ៕