
ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាថ្ងៃទី ១៩ មិថុនា ២០២៥ បានសរសេរតាមបណ្តាញសង្គមការងារផ្លូវការថា ថ្ងៃស្អែក២០ មិថុនា គឺជាខួបលើកទី៤៨ឆ្នាំ (២០មិថុនា១៩៧៧-២០មិថុនា២០២៥) ជាថ្ងៃដែល ចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះជាតិរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
នៅក្នុងសារនោះ សម្តេចបានលើកឡើងថា គ្រានោះ សម្តេចបានចាកចេញពីគ្រួសារដើម្បីជាតិ អំឡុងពេលភរិយាកំពុងមានផ្ទៃពោះ ចាកចោលមាតុភូមិនិងប្រជាជនដែលកំពុងប្រឈមជាមួយការស្លាប់ផុតពូជ។
សម្តេច ហ៊ុន សែន បានរៀបរាប់បន្តទៀតថា “ខ្ញុំពិតឈឺចាប់រកពាក្យនិយាយមិនបាន បើទោះជារឿងនេះបានឆ្លងផុត៤៨ឆ្នាំហើយក្តី ក៏ទឹកភ្នែកខ្ញុំនៅតែហូរមកមិនដាច់នៅពេលដែលខ្ញុំនឹកឃើញដល់រឿងនោះសូម្បីតែពេលដែលខ្ញុំវាយអត្ថបទខ្លីមួយនេះក៏ទឹកភ្នែកខ្ញុំហូរចុះមកធ្វើឲ្យស្រវាំងភ្នែក។ទឹកភ្នែកខ្ញុំប្រហែលឈប់ហូរនៅពេលដែលខ្ញុំលាចាកលោកនេះប៉ុណ្ណោះ”៕