Yearendyearend1140x150
Img 0571

លោក ប្រាក់ សុខុន៖ ការគាំទ្រពីគ្រួសារអាស៊ាន សំខាន់ចំពោះការកសាងសន្តិភាពនៅមីយ៉ាន់ម៉ា

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។

ភ្នំពេញ៖ សម្តេច ហ៊ុន សែន តាមរយៈលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានផ្តល់ព័ត៌មានស្តីពីដំណើរទស្សនកិច្ចការងាររបស់សម្តេចទៅកាន់មីយ៉ាន់ម៉ា គឺចង់បង្ហាញឱ្យឃើញពីគោលបំណងរបស់កម្ពុជាក្នុងការរួមចំណែកកសាងសន្តិភាពនៅមីយ៉ាន់ម៉ា ដែលនឹងទាមទារការបង្កើនទំនុកចិត្តទៅវិញទៅមក។

លោក ប្រាក់ សុខុន ក៏បានបញ្ជាក់ជាថ្មីម្តងទៀតថា ដំណើរការសន្តិភាពនេះត្រូវតែដឹកនាំដោយមីយ៉ាន់ម៉ាខ្លួនឯង។ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជានឹងប្រឹងប្រែងសម្របសម្រួលដំណើរការនេះ ប៉ុន្តែជាក់ស្តែង ការគាំទ្រក្នុងលក្ខណៈស្ថាបនាពីគ្រួសារអាស៊ាន និងដៃគូរបស់យើង ព្រមទាំងតួអង្គពាក់ព័ន្ធទាំងអស់ពិតជាមានសារៈសំខាន់ណាស់។

ថ្លែងក្នុងជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ លោក Ismail Sabri Yaakob នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សម្ដេច ហ៊ុន សែន បានមានប្រសាសន៍អំពីការងារ និងកិច្ចការអាស៊ាន ព្រមទាំងវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាផងដែរ។ សម្ដេច បានបញ្ជាក់ថា ការអញ្ជើញទៅទស្សនកិច្ចនៅប្រទេសមីយ៉ាម៉ានេះ គឺដើម្បីស្វែងយល់អំពីស្ថានភាពជាក់ស្ដែង និងចង់ដឹងអ្វីដែលជាបញ្ហាសំខាន់ៗ តើប្រទេសមីយ៉ាម៉ាអាចធ្វើអ្វីខ្លះ? ដើម្បីអនុវត្តនូវចំណុចទាំង៥ ដែលបានឯកភាពគ្នាកន្លងមកនេះ។

សម្តេច បានលើកឡើងពីលទ្ធផលមួយទៀត គឺបានជំរុញឲ្យមានកិច្ចសន្ទនា ដែលស្ថិតនៅក្នុងចំណុចទាំង៥ ដែលបានឯកភាពគ្នាជាឯកច្ឆន្ទនោះ ។ សម្ដេចថ្លែងថា ស្ថានភាពនៅមីយ៉ាន់ម៉ាពិតជាមានភាពស្មុគស្មាញ និងមានការលំបាក ដូច្នេះមិនអាចដោះស្រាយក្នុងរយៈពេលខ្លីបាននោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺកម្ពុជាធ្វើយ៉ាងណាឲ្យមានការចរចារកដំណោះស្រាយ និងត្រូវមានការបញ្ជូនអំណោយមនុស្សធម៌ទៅដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលត្រូវការជាចាំបាច់នោះ ។

សម្ដេច ក៏បានជម្រាបជូនទៅកាន់ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីទៀតថា ក្រោយពីទស្សនកិច្ចរបស់សម្ដេចទៅមីយ៉ាន់ម៉ាហើយនោះ ស្រាប់តែមានការកាត់ទោសលោកស្រី អោង សានស៊ូជី រយៈពេល៤ ឆ្នាំ និងការប្រើប្រាស់យន្តហោះក្នុងប្រតិបត្តិការយោធា។ សម្ដេច បញ្ជាក់ថា សម្ដេចនឹងជួបពិភាក្សាតាមវីដេអូជាមួយនឹង លោក មីន អោងឡាង ដើម្បីចង់ដឹងបន្ថែមទៀត អំពីការងារទាំងអស់នេះ។

សូមបញ្ជាក់ថា ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី សម្ដេចក៏បានលើកឡើងថា សម្ដេចបានអញ្ជើញឯកឧត្តម មីន អោងឡាង ចូលរួមកិច្ចប្រជុំអាស៊ាន បើមានវឌ្ឍនៈភាពរីកចម្រើនក្នុងការអនុវត្តនូវកិច្ចព្រមព្រៀងចំណុចទាំង៥ ដែលបានព្រមព្រៀងជាឯកច្ឆន្ទនោះ តែបើសិនជាមិនមានទេ ត្រូវបញ្ជូនតំណាងដែលមិនមែននយោបាយចូលរួមប្រជុំអាស៊ានផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង