ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា ស្តីពីការអភិវឌ្ឍហ្គ្រីនហៅស៍កសិបច្ចេកវិទ្យា៤.០ ជាមួយក្រុមហ៊ុនឯកជន ចំនួន៣ ដើម្បីធានាការផ្គត់ផ្គង់បន្លែសុវត្ថិភាពនៅលើទីផ្សារ និងលើកកម្ពស់ខ្សែច្រវាក់តម្លៃបន្លែតាមស្តង់ដារការអនុវត្តកសិកម្មល្អកម្ពុជា(Cam-GAP)។ នេះបើតាមឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។
ក្រសួងកសិកម្មបានសហការជាមួយក្រុមហ៊ុនAgri-Sambathkhmer, ក្រុមហ៊ុន PLMP Venture Capital និងក្រុមហ៊ុន ISBP Group-Sun Business Investment Globe ស្តីពី ការអភិវឌ្ឍហ្គ្រីនហៅស៍ កសិបច្ចេកវិទ្យា ៤.០ កាលពីថ្ងៃទី២១មករា ឆ្នាំ២០២១។ ការបង្កើតភាពជាដៃគូរវាងរដ្ឋ និងឯកជននេះ គឺពិតជាឆ្លើយតបតាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍» ក្នុងគោលដៅជំរុញនិងលើកកម្ពស់ខ្សែច្រវាក់តម្លៃបន្លែតាមស្តង់ដារការអនុវត្តកសិកម្មល្អកម្ពុជា ដើម្បីធានាបានបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាពនៅលើទីផ្សារ។
បើតាមឯកឧត្តម វេង សាខុន ការចុះMOU ប្រាកដនឹងជួយបំពេញនូវអត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមករវាងគូភាគីទាំងអស់ ក្នុងការកសាងភាពជាដៃគូអភិវឌ្ឍខ្សែច្រវាក់ តម្លៃផលិតកម្មបន្លែ ប្រកបដោយចីរភាព និរន្តរភាព វិបុលភាព បរិយាប័ន្ន ការប្រកួតប្រជែង ការប្រែប្រួលអាកាសធាតុ និងនវានុវត្តន៍។ MOUរវាងក្រសួងកសិកម្មនិងក្រុមហ៊ុនឯកជននេះ គ្រោងសម្រេចគោលដៅក្នុងការសាងសង់ហ្គ្រីនហៅស៍កសិបច្ចេកវិទ្យា៤.០ ឲ្យបាន១ម៉ឺនខ្នងក្នុងរយៈពេល១០ឆ្នាំខាងមុខ ដើម្បីផលិតបន្លែបន្ថែមជាអប្បបរមាចំនួន៤០០តោនក្នុងមួយឆ្នាំ។
ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម បានបន្ថែមថា MOUនេះ គឺជាយន្តការមួយក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមដែលកសិករកំពុងជួបប្រទះ និងកែលម្អ ដើម្បីលើកកម្ពស់សមត្ថភាពផលិតឆ្លើយតបតាមតម្រូវការទីផ្សារ ប្រែក្លាយកសិករទៅជាកសិ-សហគ្រិន ឆ្លើយតបទៅនឹងផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងប្រកបដោយចីរភាពសម្រាប់ឆ្នាំ២០៣០ និងគោលនយោបាយនៃការធ្វើទំនើបកម្មវីស័យកសិកម្ម ២០២១-២០៣០។
ដើម្បីសម្រេចគោលដៅនេះ ឯកឧត្តម វេង សាខុន បានលើកឡើងថា គ្រប់ភាគីពាក់ព័ន្ធត្រូវជួយពង្រឹងសមត្ថភាពបច្ចកទេសដល់កសិករ សហគមន៍កសិកម្មឲ្យទទួលបាននូវបច្ចេកទេសទំនើបពីក្រុមហ៊ុន ផលិតនូវផលិតផលដែលមានគុណភាព និងសុវត្ថិភាព ព្រមទាំងត្រូវភ្ជាប់ផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុន ដើម្បីសម្រួលក្នុងការប្រមូលទិញផលិតផលពីកសិករ ឬសហគមន៍កសិកម្ម៕