សៀមរាប៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានថ្លែងចាត់ទុកការកសាងប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah មានទីតាំងនៅខេត្តបុរីរម្យ ប្រទេសថៃដោយចម្លងប្លង់ប្រាសាទអង្គរវត្ត គឺជាការបំពានលើអត្តសញ្ញាណ និង ព្រលឹងវប្បធម៌ជាតិខ្មែរ។
ថ្លែងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤០របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង ជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានលើកយកការសាងសង់ប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah មានទីតាំងនៅខេត្តបុរីរម្យ ប្រទេសថៃដោយចម្លងប្លង់ប្រាសាទអង្គរវត្ត គឺការបំពានទាំងស្រុងទៅនឹងកាតព្វកិច្ចក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាបេតិកភណ្ឌពិភលោក ឆ្នាំ១៩៧២ បំពានទៅលើតម្លៃលេចធ្លោជាសកល និងសភាពដើមនៃរមណីយដ្ឋានអង្គរ បំពានទៅលើអត្តសញ្ញាណនិងព្រលឹងជាតិវប្បធម៌ខ្មែរ និងជាកង្វះខាតផ្នែកសីលធម៌បេតិកភណ្ឌយ៉ាងធ្ងន់ធ្ងរ។


