ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ២៤ មករា បានចេញសេចក្តីណែនាំក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជា ស្តីពីការការពារការចម្លងជំងឺកូវីដ-១៩ ជំងឺផ្តាសាយបក្សី និងការបង្ការការពុលចំណីអាហារ ឬ ពុលស្រា ដែលរៀបចំមិនត្រឹមត្រូវ នាឱកាសរៀបចំសែនដូនតា និងនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ក្នុងសេចក្តីណែនាំនោះ ក្រសួងបានហាមដាច់ខាតដល់ប្រជាពលរដ្ឋមិនត្រូវទិញ ឬផលិត ឬបរិភោគស្រា ស ដែលមិនមានប្រភពផលិតច្បាស់លាស់។
ជាង៣ខែមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចូលមកដល់ ក្រសួងសុខាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ត្រូវការពារខ្លូន និងក្រុមគ្រួសារ ធ្វើយ៉ាងណាជៀសផុតពីការឆ្លងកូវីដ-១៩ និង ជំងឺផ្សេងៗដោយត្រូវអនុវត្តតាមវិធានសុខាភិបាលរបស់ក្រសួងសុខាភិបាលកម្ពុជាដែលបានប្រកាសដាក់ចេញនាពេលកន្លងមក។
ក្នុងឱកាសនោះ ក្រសួងបានហាមដាច់ខាតដល់ប្រជាពលរដ្ឋមិនត្រូវទិញ ឬផលិត ឬបរិភោគស្រា ស ដែលមិនមានប្រភពផលិតច្បាស់លាស់ ហើយដែលមិនគោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ឬយកមេតាណុលមកលាយធ្វើជាស្រា ស ដែលបង្កមានការពុលរហូតដល់ស្លាប់បាត់បង់ជីវិត។
ជាមួយគ្នានោះ ក្រសួងសុខាភិបាល បានណែនាំដល់អាជ្ញាធរនៅតាមមូលដ្ឋាន ត្រូវតាមដានយកចិត្តទុកដាក់ចំពោះការអនុវត្តវិធានការនានារបស់ក្រសួង និងត្រូវជួយណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនធ្វើយ៉ាងណាកុំឱ្យមានការឆ្លងកូវីដ-១៩ និងជំងឺផ្សេង ក៏ដូចជាការពុលស្រាជាដើម។