ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ប្រសិនជួបបញ្ហាផ្លូវថ្នល់ខូច មានជង្ហុកសំបុកមាន់ សូមថតរាយការណ៍មកក្រសួង ដោយប្រើប្រាស់កម្មវិធីថែទាំផ្លូវ (Road Care Mobile App) ដើម្បីចូលរួមថែរក្សាផ្លូវថ្នល់ អាចប្រើប្រាស់បានយូរអង្វែង។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញផ្សាយថា ខ្លួនបានបង្កើនការយកចិត្តទុកដាក់ជួសជុលថែទាំលើកំណាត់ផ្លូវជាតិ តាមបណ្តាខេត្ត ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ចូនឆ្លងកាត់ របស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល។
នាថ្ងៃទី១០-១៨ ខែមករា ឆ្នាំ២០២២ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកែប បាត់ដំបង បន្ទាយមានជ័យ ត្បូងឃ្មុំ រតនគីរី កំពង់ស្ពឺ ស្ទឹងត្រែង កោះកុង និងខេត្តកំពង់ធំ បានបង្កើនយកចិត្តទុកដាក់បន្តថែទាំលើ កំណាត់ផ្លូវជាតិលេខ៥ លេខ៩ លេខ៣៣A លេខ៤៤ លេខ៤៦ លេខ៥១ លេខ៥៦D លេខ៥៧ លេខ៧៣ លេខ៧៨ លេខ៧៨C លេខ៧៨-៥ និងផ្លូវថ្នល់មួយចំនួនផ្សេងទៀតដែលបានរងការខូចខាតក្លាយជាជង្ហុកសំប៊ុកមាន់ ក៏ត្រូវបានជួសជុលផងដែរ៕